យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការបត់ជើងតូចបន្ទាប់ពីរួមភេទមិនមែនជារឿងគួររំលងឡើយ ព្រោះវាជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការការពារការឆ្លងមេរោគផ្លូវទឹកនោម ។
អំឡុងពេលរួមភេទ បាក់តេរីអាចនឹងត្រូវបានរុញចូលទៅក្នុងបង្ហួរនោម ហើយធ្វើដំណើរទៅកាន់ប្លោកនោមបង្កឱ្យមានការរលាក។ ការបត់ជើងតូចក្នុងរយៈពេល ៣០ នាទីក្រោយបញ្ចប់សកម្មភាព នឹងជួយលាងសម្អាត និងរុញបាក់តេរីទាំងនោះចេញមកក្រៅវិញ។ ទម្លាប់នេះមានសារៈសំខាន់បំផុតសម្រាប់ស្ត្រី ដោយសារបង្ហួរនោមស្ត្រីមានប្រវែងខ្លី និងនៅជិតទ្វារមាស ដែលងាយនឹងធ្វើឱ្យមេរោគឆ្លងចូលបានលឿនជាងបុរស។
ទោះជាយ៉ាងណា លោកអ្នកត្រូវជ្រាបពីការពិតថា ការបត់ជើងតូចមិនមែនជាវិធីបង្ការការមានផ្ទៃពោះឡើយ ព្រោះទឹកនោម និងមេជីវិតឈ្មោលធ្វើដំណើរតាមផ្លូវពីរផ្សេងគ្នាដាច់ស្រឡះ។ សម្រាប់អ្នកចង់បានបុត្រ ក៏មិនចាំបាច់បារម្ភដែរ ព្រោះការក្រោកទៅបត់ជើងតូចមិនធ្វើឱ្យបាត់បង់ឱកាសមានផ្ទៃពោះនោះទេ។ អ្វីដែលត្រូវចងចាំបំផុតគឺ ការបត់ជើងតូចមិនអាចការពារជំងឺឆ្លងតាមការរួមភេទបានឡើយ ដូច្នេះការប្រើស្រោមអនាម័យនៅតែជាខែលការពារដ៏រឹងមាំបំផុត។
ដើម្បីសុវត្ថិភាពសុខភាព អ្នកជំនាញណែនាំឱ្យបត់ជើងតូចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រសិនបើមិនទាន់មានអារម្មណ៍ចង់បត់ជើងតូច លោកអ្នកគួរផឹកទឹកស្អាត ១ កែវ ដើម្បីជំរុញឱ្យប្លោកនោមធ្វើការ។ ការអនុវត្តទម្លាប់អនាម័យសាមញ្ញនេះ រួមផ្សំជាមួយការសម្អាតខ្លួនប្រាណបានត្រឹមត្រូវ គឺជាគន្លឹះដ៏វិសេសក្នុងការការពាររាងកាយពីការឈឺចាប់ និងភាពមិនស្រណុកសុខស្រួលដែលបង្កឡើងដោយមេរោគផ្សេងៗ៕