យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ប៉េងប៉ោះគឺជាកំពូលបន្លែដែលសម្បូរទៅដោយវីតាមីន A, C, និង B6 ដែលផ្ដល់ផលល្អខ្លាំងចំពោះស្បែក និងសុខភាពទូទៅ។
ទោះបីជាការញ៉ាំឆៅជួយរក្សាវីតាមីនមួយចំនួនក៏ពិតមែន ប៉ុន្តែការញ៉ាំប៉េងប៉ោះដែលចម្អិនឆ្អិនត្រូវបានគេរកឃើញថាផ្ដល់អត្ថប្រយោជន៍ខ្ពស់ជាងឆ្ងាយក្នុងការស្រូបយកសារធាតុ Lycopene។ សារធាតុនេះគឺជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លាដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកោសិកាបានល្អប្រសើរជាងការញ៉ាំឆៅ។ លើសពីនេះ ការចម្អិនឱ្យបានឆ្អិនល្អក៏ជួយកាត់បន្ថយហានិភ័យនៃការពុលអាហារពីសំណល់គីមីកសិកម្ម និងបាក់តេរីផ្សេងៗដែលបង្កប់លើសំបកប៉េងប៉ោះផងដែរ។
ផ្ទុយទៅវិញ ការញ៉ាំប៉េងប៉ោះឆៅអាចបង្កជាបញ្ហាចំពោះអ្នកដែលមានក្រពះខ្សោយ ព្រោះជាតិអាស៊ីតរបស់វាអាចបណ្ដាលឱ្យមានអាការៈច្រាលអាស៊ីត ឬឈឺពោះ។ ម្យ៉ាងវិញទៀត គ្រាប់ប៉េងប៉ោះមិនត្រឹមតែគ្មានតម្លៃអាហារូបត្ថម្ភនោះទេ ប៉ុន្តែវាថែមទាំងអាចបង្កឱ្យមានការហើមពោះ និងពិបាករំលាយអាហារទៀតផង ជាពិសេសប្រសិនបើវាជាប៉េងប៉ោះខ្ចី។ ដូច្នេះ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត និងមានសុវត្ថិភាព លោកអ្នកគួរលាងប៉េងប៉ោះឱ្យបានស្អាតល្អ និងជ្រើសរើសការចម្អិនឱ្យឆ្អិនមុននឹងទទួលទាន។
លោកអ្នកអាចរក្សាសំបកប៉េងប៉ោះទុកបានព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែគួរដកគ្រាប់ចេញប្រសិនបើអ្នកមានប្រព័ន្ធរំលាយអាហារមិនសូវល្អ ដើម្បីចៀសវាងការមិនស្រួលក្នុងពោះ និងទទួលបានសុខភាពមាំមួនជានិច្ច៕