យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាម្នាស់សម្បូរទៅដោយវីតាមីន C និងអង់ស៊ីមជំនួយការរំលាយអាហារក៏ដោយ ប៉ុន្តែវាមិនមែនជាមិត្តល្អសម្រាប់មនុស្សគ្រប់គ្នានោះឡើយ។
ក្រុមដំបូងដែលគួរប្រុងប្រយ័ត្នបំផុតគឺអ្នកដែលមានអាឡែស៊ី ព្រោះអង់ស៊ីម Bromelain ក្នុងម្នាស់អាចបង្កឱ្យមានអាការៈរមាស់ ហើមមាត់ ឬថប់ដង្ហើមក្នុងករណីធ្ងន់ធ្ងរ។ ចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកលើសឈាម ក៏គួរកម្រិតការញ៉ាំដែរ ដោយសារវាមានជាតិស្ករខ្ពស់ដែលអាចធ្វើឱ្យឡើងទម្ងន់ និងបង្កអាការៈវិលមុខដែលប៉ះពាល់ដល់សម្ពាធឈាម។
ក្រៅពីនេះ អ្នកដែលមានបញ្ហាក្រពះដូចជាដំបៅក្រពះ ឬរលាកពោះវៀន មិនគួរញ៉ាំម្នាស់ច្រើនឡើយ ព្រោះជាតិអាស៊ីត និងអង់ស៊ីមរបស់វាអាចធ្វើឱ្យការរលាកកាន់តែធ្ងន់ធ្ងរ។ សម្រាប់អ្នកដែលមានបញ្ហាមាត់ធ្មេញ ការញ៉ាំម្នាស់នឹងធ្វើឱ្យមានការរំខានដល់អញ្ចាញ និងបង្កអារម្មណ៍ស្ពឹកអណ្ដាតយ៉ាងខ្លាំង។ សូម្បីតែអ្នកដែលងាយឡើងកម្ដៅក្នុងខ្លួន ក៏អាចជួបប្រទះអាការៈអស់កម្លាំង ឬឡើងកន្ទួលក្រហមបន្ទាប់ពីញ៉ាំរួចផងដែរ។ ដើម្បីញ៉ាំម្នាស់ឱ្យមានសុវត្ថិភាព លោកអ្នកត្រូវចងចាំថាត្រូវចិតភ្នែកម្នាស់ចេញឱ្យអស់ ដើម្បីចៀសវាងការហើមពោះ និងទល់លាមក។ ការញ៉ាំច្រើនហួសប្រមាណអាចបណ្ដាលឱ្យរាគ និងខូចស្រទាប់ធ្មេញ ដោយសារជាតិអាស៊ីតលើសកម្រិត។
ប្រសិនបើអ្នកមានអារម្មណ៍ក្រហាយមាត់ ឬអណ្ដាត នោះគឺជាឥទ្ធិពលនៃអង់ស៊ីមដែលមានច្រើនក្នុងស្នូលម្នាស់ ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីម៉ោងក្រោយ៕