ជំងឺមហារីកគឺជាបញ្ហាសុខភាពដ៏ធំមួយ ប៉ុន្តែការយល់ដឹង និងការពិនិត្យសុខភាពបានទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតបាន ។ សម្រាប់ស្ត្រី មានជំងឺមហារីកប៉ុន្មានប្រភេទដែលកើតឡើងញឹកញាប់ និងគួរមានការប្រុងប្រយ័ត្នខ្ពស់ដូចខាងក្រោម៖
១. មហារីកសុដន់
នេះគឺជាជំងឺមហារីកដែលកើតមានច្រើនជាងគេបំផុតលើស្ត្រីទូទាំងពិភពលោក និងនៅកម្ពុជា។
-សញ្ញាព្រមាន៖ មានដុំពកក្នុងសុដន់ ឬក្រោមឃ្លៀក, ការប្រែប្រួលទម្រង់សុដន់, មានទឹក ឬឈាមហូរចេញពីចុងសុដន់, ឬស្បែកសុដន់ឡើងក្រហមដូចសំបកក្រូច។
-ការការពារ៖ គួររៀនស្ទាបពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងទៅថតសុដន់ (Mammogram) តាមការណែនាំរបស់គ្រូពេទ្យ។
២. មហារីកមាត់ស្បូន
កើតឡើងភាគច្រើនដោយសារមេរោគ HPV (Human Papillomavirus) ដែលឆ្លងតាមការរួមភេទ។
-សញ្ញាព្រមាន៖ ធ្លាក់សខុសធម្មតា (មានក្លិនឆ្អាត ឬលាយឈាម), ហូរឈាមក្រោយរួមភេទ ឬហូរឈាមខុសខែ។
-ការការពារ៖ ចាក់វ៉ាក់សាំងការពារមេរោគ HPV និងធ្វើតេស្តមហារីកមាត់ស្បូន (Pap Smear ឬតេស្ត HPV) ឱ្យបានទៀងទាត់។
៣. មហារីកសួត
ទោះបីជាស្ត្រីមិនជក់បារីក៏ដោយ ក៏មានហានិភ័យដែរ ប្រសិនបើនៅជិតអ្នកជក់បារី (ផ្សែងបារីបន្តគ្នា) ឬរស់ក្នុងបរិយាកាសពុល។
-សញ្ញាព្រមាន៖ ក្អកមិនបាត់, ឈឺទ្រូង, ហត់ ឬដកដង្ហើមញាប់ និងស្រកទម្ងន់ខុសធម្មតា។
-ការការពារ៖ ជៀសវាងការជក់បារី និងផ្សែងបារី។
៤. មហារីកពោះវៀនធំ
អាការៈនេះច្រើនកើតលើស្ត្រីដែលមានវ័យកើនឡើង ប៉ុន្តែក៏កំពុងវិវត្តលើមនុស្សវ័យក្មេងដោយសាររបបអាហារ។
-សញ្ញាព្រមាន៖ ទម្លាប់បត់ជើងធំប្រែប្រួល (រាកផង ទល់លាមកផង), បត់ជើងមានឈាម, ចុកពោះរ៉ាំរ៉ៃ។
-ការការពារ៖ ញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន កាត់បន្ថយសាច់កែច្នៃ និងហាត់ប្រាណឱ្យបានទៀងទាត់។
៥. មហារីកអូវែ
ត្រូវបានគេហៅថា “ឃាតករស្ងៀមស្ងាត់” ព្រោះវាមិនសូវបង្ហាញសញ្ញាច្បាស់លាស់នៅដំណាក់កាលដំបូងឡើយ។
-សញ្ញាព្រមាន៖ ហើមពោះភើៗ, ចុកក្នុងអាងត្រគាក, ឆាប់ឆ្អែតខុសធម្មតា ឬបត់ជើងតូចញឹកញាប់។
-ការការពារ៖ យកចិត្តទុកដាក់លើរាងកាយខ្លួនឯង បើមានអាការៈហើមពោះយូរមិនបាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ត្រី។