យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការចម្អិនបាយដំណើបលែងជារឿងស្មុគស្មាញទៀតហើយ! អ្នកអាចប្រើឆ្នាំងបាយអគ្គិសនីធម្មតាដើម្បីទទួលបានបាយដំណើបទន់ឆ្ងាញ់ក្នុងរយៈពេលខ្លីបំផុត។
គន្លឹះដំបូងគឺត្រូវលាងអង្ករឱ្យបាន ២-៣ ដង ដោយត្រដុសថ្នមៗដើម្បីជម្រះម្សៅចេញ ដែលជួយឱ្យគ្រាប់បាយឆ្អិនមកភ្លឺរលោង និងមិនស្អិតជាប់គ្នាជាដុំៗ។
ចំណុចសំខាន់បំផុតគឺ “កម្រិតទឹក”៖ ហាមដាក់ទឹកច្រើនដូចដាំបាយធម្មតា! អ្នកត្រូវដាក់ទឹកត្រឹមតែឱ្យ “លិច” ពីលើផ្ទៃអង្ករបន្តិចប៉ុណ្ណោះ (ប្រហែល ១-២ មិល្លីម៉ែត្រ ឬពាក់កណ្តាលក្រចកកូនដៃ) ដើម្បីការពារកុំឱ្យបាយជ្រាយបាតឆ្នាំង។
ក្រោយពេលឆ្នាំងបាយលោតភ្លើងសញ្ញាឆ្អិន កុំអាលបើកគម្របភ្លាមៗ។ ចូររង់ចាំ ៥-១០ នាទី ដើម្បីឱ្យចំហាយទឹកជ្រាបចូលគ្រាប់អង្ករបានសព្វល្អ រួចទើបប្រើវែកមកត្រឡប់បាយពីក្រោមឡើងលើ ដើម្បីឱ្យចំហាយទឹកដែលលើសហួតចេញអស់។ ប្រសិនបើបាយរឹងពេក អ្នកអាចប្រោះទឹកពីលើបន្តិច រួចចុចកម្ដៅបន្ត ៥ នាទីទៀត។
តាមរយៈវិធីងាយៗនេះ អ្នកនឹងទទួលបានបាយដំណើបដ៏ឈ្ងុយឆ្ងាញ់ ញ៉ាំជាមួយមាន់អាំង ឬបុកល្ហុងបានយ៉ាងឆ្ងាញ់ពិសា៕