យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ច្រឡំថាការប្រើសាប៊ូកាត់ខ្លាំង ឬច្រាសដុសដែកអាចជួយជម្រះស្នាមប្រឡាក់បានល្អ គឺជាកំហុសដ៏ធំដែលនាំឱ្យរបស់របរក្នុងផ្ទះខូចខាតជាអចិន្ត្រៃយ៍។
ចំពោះស្នាមកំបោរលើកញ្ចក់ និងអេក្រង់បន្ទប់ទឹក ការប្រើម្សៅខាត់គ្រើមនឹងធ្វើឱ្យផ្ទៃកញ្ចក់ឆ្កូតស្រអាប់ភ្លាមៗ ដូច្នេះអ្នកគួរប្រើត្រឹមទឹកខ្មេះលាយទឹក និងជូតដោយក្រណាត់ទន់ប៉ុណ្ណោះ។ ដូចគ្នានេះដែរ ស្នាមខ្លាញ់លើចង្ក្រានហ្គាស និងចង្ក្រានអគ្គិសនីមិនគួរដុសដោយដែកដុសឆ្នាំងឡើយ ព្រោះវានឹងធ្វើឱ្យរបកស្រទាប់ការពារកម្ដៅ ដែលងាយបង្កជាច្រែះបំផុត វិធីដែលល្អគឺប្រើទឹកក្ដៅលាយសាប៊ូលាងចានផ្អឹបទុកមួយសន្ទុះ រួចសឹមជូតចេញថ្នមៗ។ ចំពោះកាកសំណល់សាប៊ូក្នុងបន្ទប់ទឹក ការប្រើទឹកក្រូចឆ្មារ ឬទឹកខ្មេះគឺជាជម្រើសធម្មជាតិដ៏ឆ្លាតវៃដែលអាចរំលាយភាពកខ្វក់បានយ៉ាងពូកែ ដោយមិនបំផ្លាញភាពរលោងនៃសម្ភារៈអនាម័យដូចជាការប្រើជាតិគីមីកាត់ខ្លាំងនោះទេ។
ក្រៅពីនេះ គ្រឿងសង្ហារិម និងកម្រាលឈើក៏ងាយរងគ្រោះបំផុតដែរ ការដុសខាត់ខ្លាំងអាចធ្វើឱ្យថ្នាំរលោងរបក និងធ្វើឱ្យឈើហើមដោយសារសំណើម ដូច្នេះចូរប្រើតែក្រណាត់សើមល្មម ឬទឹកសម្អាតសម្រាប់ឈើដោយឡែកតែប៉ុណ្ណោះ។ សូម្បីតែផ្ទៃដែកអ៊ីណុក ក៏ងាយនឹងបាត់បង់ពន្លឺរលោងដែរ ប្រសិនបើអ្នកប្រើរោមចៀមដែកមកដុសច្រាសទិសសរសៃដែក។ ចំណែកឯចង្ក្រានសេរ៉ាមិច និងអាំងឌុចស្យុងដែលមានផ្ទៃផុយស្រួយ ការប្រើម្សៅខាត់គ្រើមនឹងធ្វើឱ្យផ្ទៃឆ្កូត នាំឱ្យការចម្លងកម្ដៅមិនស្មើគ្នា និងប៉ះពាល់ដល់គុណភាពចម្អិនអាហារ។
សរុបមក ការចាប់ផ្ដើមសម្អាតដោយវិធីសាស្ត្រស្រាលៗ និងត្រឹមត្រូវតាមបច្ចេកទេស មិនត្រឹមតែជួយឱ្យផ្ទះស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សារបស់របរឱ្យនៅថ្មី និងសន្សំសំចៃថវិកាបានយ៉ាងច្រើនក្នុងរយៈពេលវែង៕