យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស តម្រងនោមគឺជាម៉ាស៊ីនចម្រោះជាតិពុលដ៏សំខាន់បំផុតក្នុងរាងកាយ។ ដើម្បីជួយឱ្យសរីរាង្គនេះរឹងមាំ អ្នកគួរទទួលទាន បន្លែស្លឹកបៃតងចាស់ ដែលសម្បូរវីតាមីន និងជាតិរ៉ែសម្រាប់ប្រឆាំងការរលាក និងការពារកោសិកាពីការខូចខាត។ បន្ទាប់មកគឺ ផ្លែឆឺរីជូរ ដែលជួយបញ្ចុះសម្ពាធឈាម ដែលជាសត្រូវលេខមួយបង្កឱ្យមានជំងឺតម្រងនោម។
អាហារដ៏វិសេសមួយទៀតគឺ តៅហ៊ូ ដែលជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិដ៏ល្អបំផុតសម្រាប់ជំនួសសាច់សត្វ ព្រោះវាមានជាតិផូស្វ័រ និងសូដ្យូមទាប ជួយកាត់បន្ថយសម្ពាធមិនឱ្យតម្រងនោមធ្វើការលើសកម្លាំង។ ជាមួយគ្នានេះ គ្រាប់ធញ្ញជាតិ ដើរតួយ៉ាងសំខាន់ក្នុងការរក្សាជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព ការពារសរសៃឈាមតម្រងនោមពីការបែកបាក់។
ជាចុងក្រោយគឺ ខ្ទឹមស ដែលជាឱសថធម្មជាតិជួយកាត់បន្ថយការរលាក និងការពារតម្រងនោមពីជាតិពុលផ្សេងៗ។ ការបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាការវិនិយោគដ៏វៃឆ្លាតបំផុតសម្រាប់សុខភាពតម្រងនោមយូរអង្វែង៕