យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការស្គាល់ពីស្ថានភាពស៊ុតមិនត្រឹមតែជួយឱ្យម្ហូបឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើម្បីសុវត្ថិភាពសុខភាពផងដែរ។
វិធីសាស្ត្រដែលងាយស្រួល និងច្បាស់លាស់បំផុតគឺការធ្វើតេស្តដោយ “អណ្តែតទឹក” ដោយគ្រាន់តែដាក់ស៊ុតក្នុងកែវទឹក។ ស៊ុតដែលស្រស់ល្អនឹងលិចទៅបាតកែវ ចំណែកស៊ុតដែលចាប់ផ្តើមចាស់នឹងលិចដែរតែឈរត្រង់ ហើយស៊ុតដែលខូចរលួយនឹងអណ្តែតលើផ្ទៃទឹកតែម្តង។ ក្រៅពីនេះ អ្នកអាចសាកល្បងអង្រួនស៊ុតថ្នមៗនៅក្បែរត្រចៀក ប្រសិនបើមិនឮសំឡេងអ្វីសោះមានន័យថាស៊ុតនៅស្រស់ល្អ ប៉ុន្តែបើឮសំឡេងរលកទឹកនៅខាងក្នុង បង្ហាញថាស៊ុតនោះចាស់ហើយ។ ម្យ៉ាងវិញទៀត ស៊ុតដែលស្រស់មែនទែនតែងមានសំបកមានជាតិម្សៅគ្រើមៗបន្តិច ចំណែកស៊ុតដែលទុកយូរច្រើនមានសំបកភ្លឺរលោងខុសធម្មតា។ នៅពេលអ្នកបំបែកវាចេញ ស៊ុតស្រស់នឹងមានផ្នែកលឿងរាងមូលប៉ោងស្អាត និងផ្នែកសមានសភាពខាប់ស្អិតជាប់គ្នា ខុសពីស៊ុតចាស់ដែលមានផ្នែកលឿងរាងសំប៉ែត និងផ្នែកសរាវហូរដូចទឹក។
ដើម្បីរក្សាស៊ុតឱ្យនៅស្រស់បានយូរ អ្នកគួរដាក់ផ្នែកខាងចុងដែលស្រួចចុះក្រោម ដើម្បីរក្សាផ្នែកលឿងឱ្យនៅចំកណ្តាល និងឆ្ងាយពីហោប៉ៅខ្យល់។ អ្វីដែលសំខាន់បំផុតនោះគឺ មិនត្រូវលាងសម្អាតស៊ុតមុនពេលរក្សាទុកឡើយ ព្រោះវានឹងធ្វើឱ្យបាត់បង់ស្រទាប់ការពារធម្មជាតិ ដែលងាយឱ្យបាក់តេរីជ្រាបចូលតាមរន្ធតូចៗនៃសំបកស៊ុត។
ជាចុងក្រោយ អ្នកគួរទុកស៊ុតក្នុងថតខាងក្នុងនៃទូទឹកកកដែលមានសីតុណ្ហភាពថេរ ជាជាងការដាក់នៅមាត់ទ្វារទូទឹកកកដែលសីតុណ្ហភាពប្រែប្រួលញឹកញាប់រាល់ពេលបើកបិទ ដែលជាមូលហេតុធ្វើឱ្យស៊ុតឆាប់ខូចគុណភាព៕