យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស នៅពីក្រោយទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ មិនមែនមានតែផ្កាកុលាបក្រហមនោះទេ ប៉ុន្តែនៅមាន “ផ្កាអាល់ម៉ុន” ដែលជានិមិត្តរូបនៃមិត្តភាព និងការដឹងគុណដ៏ស្មោះត្រង់បំផុត។
រឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលលោក Saint Valentine ត្រូវបានជាប់ឃុំឃាំងដោយសារការលួចរៀបការឱ្យគូស្នេហ៍ខុសច្បាប់របស់អធិរាជ។ ក្នុងគុកនោះ លោកបានជួយព្យាបាល Julia កូនស្រីអ្នកយាមគុកដែលពិការភ្នែកឱ្យមើលឃើញពន្លឺឡើងវិញ។ មុនថ្ងៃប្រហារជីវិត លោកបានផ្ញើសំបុត្រចុងក្រោយទៅនាងជាមួយពាក្យថា “From your Valentine” ដែលក្លាយជាពាក្យស្លោកដ៏ល្បីល្បាញមកទល់សព្វថ្ងៃ។
ក្រោយការលាចាកលោករបស់លោក Valentine នាង Julia បានដាំដើមអាល់ម៉ុនមួយដើមនៅក្បែរផ្នូររបស់លោក ដើម្បីតំណាងឱ្យក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសដែលលោកបានផ្ដល់ឱ្យនាង។ ចាប់តាំងពីពេលនោះមក ផ្កាអាល់ម៉ុនបានក្លាយជាតំណាងនៃមន្តស្នេហ៍ និងភាពអស់កល្បនៃក្ដីស្រឡាញ់។
ក្រៅពីផ្កាអាល់ម៉ុន ពិភពលោកក៏មាននិមិត្តរូបអត្ថន័យជ្រៅផ្សេងទៀតដូចជា៖ Cupid តំណាងឱ្យការធ្លាក់ក្នុងអន្លង់ស្នេហ៍, បេះដូង តំណាងឱ្យការលះបង់, ផ្កាកុលាប សម្រាប់ភាពស្រស់ត្រកាល, សូកូឡា សម្រាប់ភាពផ្អែមល្ហែម និង សត្វស្លាប (Lovebirds) សម្រាប់ភាពស្មោះត្រង់លុះក្ស័យ។
ការយល់ដឹងពីប្រវត្តិដ៏វិសេសនេះ នឹងធ្វើឱ្យការចែករំលែកក្ដីស្រឡាញ់របស់អ្នកមានតម្លៃ និងអត្ថន័យជ្រាលជ្រៅលើសពីការជូនកាដូធម្មតា៕