ការបែកញើស គឺជាប្រតិកម្មធម្មតាមួយរបស់រាងកាយចំពោះកម្ដៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ការបែកញើសច្រើនហួស និងមានក្លិនមិនល្អអាចជាសញ្ញានៃភាពមិនប្រក្រតីណាមួយហើយ។ ការស្វែកយល់ពីមូលហេតុពីក្រោយបញ្ហានេះ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាធ្ងន់ធ្ងរកុំឱ្យកើតមាននៅពេលខាងមុខ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ថានភាពសុខភាពមួយចំនួនដែលបង្កបញ្ហាបែកញើសច្រើនហួស ៖
១. ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស
ការបែកញើសច្រើនអាចបណ្ដាលមកពីអ្នកតានតឹងក្នុងអារម្មណ៍ខ្លាំង។ ស្ត្រេស និងការថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានចំពោះរាងកាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការបែកញើសហួសប្រមាណផងដែរ។ ញើសប្រភេទនេះក៏មានក្លិនមិនល្អផងដែរ ក៏ព្រោះវាមានផ្ទុកជាតិខ្លាញ់ និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែកទៀត។
២. បញ្ហាក្រពេញទីរ៉ូអ៊ីត (hyperthyroidism)
Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ នៅពេលស្ថានភាពបែបនេះកើតឡើង អ្នកអាចនឹងជួបប្រទះអាការៈមួយចំនួនដូចជា ភ័យព្រួយ ឬថប់បារម្ភ, ស្រកទម្ងន់ និងបែកញើសហួសប្រមាណ។ វាក៏អាចជារោគសញ្ញាមួយដែលអ្នកគួរប្រញាប់ទៅពិនិត្យក្រពេញ
ទីរ៉ូអ៊ីតជាមួយគ្រូពេទ្យជំនាញ។
៣. ជាតិស្ករក្នុងឈាមចុះទាប
ទោះបីអាការៈបែកញើសហួសប្រមាណអាចបណ្ដាលមកពីមូលហេតុផ្សេងៗក៏ដោយ ប៉ុន្តែពេលខ្លះវាក៏អាចកើតមានដោយសារជំងឺខ្វះជាតិស្ករក្នុងឈាមផងដែរ។ ការបែកញើសបែបនេះ គឺកើតឡើងដោយមិនទាក់ទងជាមួយសីតុណ្ហភាពក្នុង ឬក្រៅបន្ទប់ឡើយ។ ជាញឹកញយ អ្នកជំងឺខ្វះជាតិស្ករក្នុងឈាមច្រើនជួបប្រទះអាការៈមួយចំនួនទៀតដូចជា វិលមុខ, ថប់បារម្ភ, ឃ្លានខ្លាំង, ឈឺក្បាលធីងធោង និងមើលមិនសូវច្បាស់។
៤. ជំងឺ Hyperhidrosis
ការបែកញើសហួសប្រមាណត្រង់ផ្នែកតែមួយនៃរាងកាយដូចជា ក, ក្លៀក, បាតដៃ ឬបាតជើង ហៅថាជំងឺ Hyperhidrosis។ វាមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ ប៉ុន្តែអាចបណ្ដាលឱ្យអ្នកខ្មាសគេ។ជំងឺ Hyperhidrosis ពេលខ្លះអមមកជាមួយនឹងការរលាក, ឈឺចាប់, បញ្ហាស្បែកផ្សេងៗ និងថប់បារម្ភ។ ដើម្បីជាការប្រសើរ ប្រសិនបើអ្នកតែងជួបប្រទះបញ្ហាបែកញើសក្លៀក ឬដៃ ឬផ្នែកណាមួយដូចរៀបរាប់ខាងលើមិនបាត់សោះនោះ ចូរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៥. ផលប៉ះពាល់នៃថ្នាំមួយចំនួន
ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីថ្នាំណាមួយដែលអ្នកបានទទួលទានផងដែរ។ គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ការបែកញើស គឺជាផលប៉ះពាល់ធម្មតានៃការប្រើប្រាស់ថ្នាំមួយចំនួន រួមទាំងថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំសម្ពាធឈាមជាដើម៕