យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សភាគច្រើនតែងយល់ថា ឱ្យតែឈឺបំពង់កគឺត្រូវតែផឹកទឹកក្ដៅ ប៉ុន្តែការពិតផ្នែកវេជ្ជសាស្ត្របង្ហាញថា ការជ្រើសរើសសីតុណ្ហភាពទឹកខុស អាចធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
ក្នុងករណីដែលបំពង់ករបស់អ្នកមានអាការៈរលាកខ្លាំង ឬរលាកអាមីដាល់ ដែលសង្កេតឃើញមានសញ្ញាហើមក្រហមខ្លាំង មានខ្ទុះ ឬឈឺខ្លាំងរហូតលេបទឹកមាត់លែងចូល ការផឹកទឹកក្ដៅមិនមែនជាជម្រើសល្អឡើយ ព្រោះកម្ដៅនឹងធ្វើឱ្យសរសៃឈាមរីកកាន់តែធំ និងជំរុញឱ្យការហើមកាន់តែខ្លាំងក្លា។ ផ្ទុយទៅវិញ ទឹកត្រជាក់ ឬការ៉េម គឺជាដំណោះស្រាយដ៏ត្រឹមត្រូវ ព្រោះភាពត្រជាក់ជួយឱ្យសរសៃឈាមរួមតូច កាត់បន្ថយការហើម និងធ្វើឱ្យស្ពឹកបណ្ដោះអាសន្ន ដែលផ្ដល់នូវការធូរស្រាលភ្លាមៗពីការឈឺចាប់។
ដោយឡែក ប្រសិនបើការឈឺបំពង់កកើតឡើងអមដោយអាការៈផ្ដាសាយធម្មតា ដូចជាមានការក្អក មានស្លេស្មស្អិត រមាស់បំពង់ក ឬស្ទះច្រមុះ នោះទឹកក្ដៅឧណ្ហៗទើបជាឱសថដ៏ស័ក្តិសិទ្ធិបំផុត។ ភាពកក់ក្ដៅនៃទឹកនឹងជួយរំលាយស្លេសឱ្យរាវងាយស្រួលក្នុងការខ្ជាក់ចេញ ព្រមទាំងផ្ដល់សំណើមដល់បំពង់កដែលស្ងួតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ចំហាយទឹកក្ដៅក៏ជួយពង្រីកទងសួត និងបំបាត់ការតឹងច្រមុះ ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ស្រឡះ និងដកដង្ហើមបានស្រួលជាងមុនឆ្ងាយណាស់។
សរុបមក មុននឹងសម្រេចចិត្តផឹកទឹក អ្នកគួរចំណាយពេលសង្កេតរោគសញ្ញាខ្លួនឯងឱ្យបានច្បាស់។ ប្រសិនបើបំពង់កហើមក្រហមខ្លាំង ចូរប្រើទឹកត្រជាក់ដើម្បីបំបាត់ការរលាក ប៉ុន្តែបើក្អកមានស្លេស និងស្ទះច្រមុះ ចូរជ្រើសរើសទឹកក្ដៅឧណ្ហៗដើម្បីជួយសម្រួលផ្លូវដង្ហើម។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ ហើយប្រសិនបើអាការៈមិនធូរស្រាលលើសពី ៣ ថ្ងៃ ឬមានគ្រុនក្ដៅខ្លាំង អ្នកត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕