យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរក្សាអាហារក្នុងកន្លែងកក គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបញ្ឈប់ការរីកដុះដាលនៃបាក់តេរី និងមេរោគផ្សេងៗ។
យោងតាមក្រសួងកសិកម្មសហរដ្ឋអាម៉េរិក អាហារដែលស្ថិតក្នុងសីតុណ្ហភាពក្រោម -១៧.៧៨ អង្សាសេ គឺមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ជានិច្ច ប៉ុន្តែការទុកយូរពេកអាចធ្វើឱ្យបន្លែផ្លែឈើបាត់បង់រសជាតិ គុណភាព និងខូចទ្រង់ទ្រាយដើមដោយសារការកកដុំទឹកកកក្នុងសាច់អាហារ។ ដើម្បីរក្សាគុណភាពឱ្យនៅល្អបំផុត អ្នកជំនាញណែនាំឱ្យទទួលទានបន្លែផ្លែឈើទាំងនោះក្នុងចន្លោះពេលពី ៨ ទៅ ១២ ខែប៉ុណ្ណោះ។
មុននឹងដាក់ចូលក្នុងកន្លែងកក លោកអ្នកគួរលាងបន្លែផ្លែឈើនឹងទឹកត្រជាក់ឱ្យស្អាត រួចជូតឱ្យស្ងួតល្អ ឬចិតសំបកចេញតាមប្រភេទអាហារនីមួយៗ។ ការច្រកក្នុងថង់មានរូតបិទជិតឬប្រអប់ដែលច្របាច់យកខ្យល់ចេញឱ្យអស់ គឺជាគន្លឹះសំខាន់ដើម្បីការពារការបាត់បង់ជាតិទឹក។ បន្ថែមពីនេះ ការស្រុសបន្លែក្នុងទឹកពុះមួយភ្លែតមុននឹងយកទៅក្លាសេ គឺជាតិចនិកដ៏វិសេសវិសាលដែលជួយរក្សាពណ៌ រសជាតិ និងសារធាតុចិញ្ចឹមឱ្យនៅស្រស់ជានិច្ច ដូចដែលទើបនឹងទិញមកថ្មីៗ៕