យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការងូតទឹកក្ដៅឧណ្ហៗនៅពេលយប់អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងងាយស្រួលគេង ប៉ុន្តែការងូតទឹកក្រោយម៉ោង ១០ យប់ ជាពិសេសក្នុងអាកាសធាតុត្រជាក់ អាចផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព។
នៅពេលយប់ ប្រព័ន្ធមេតាប៉ូលីសក្នុងរាងកាយចាប់ផ្ដើមថយចុះ សរសៃឈាម និងបេះដូងរួមតូចដើម្បីសម្រាក ដូច្នេះការងូតទឹកយប់ជ្រៅអាចទៅរំខានដល់ចង្វាក់ជីវសាស្ត្រធម្មជាតិនៃរាងកាយ។ ភាពខុសគ្នារវាងសីតុណ្ហភាពរាងកាយ និងបរិយាកាសខាងក្រៅ អាចបណ្ដាលឱ្យសរសៃឈាមរួមតូចភ្លាមៗ ដែលនាំឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬខ្យល់គរបានយ៉ាងងាយ។
ក្រៅពីគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាម ការងូតទឹកយប់ជ្រៅក៏អាចធ្វើឱ្យស្បែកស្ងួត ជ្រុះសក់ បង្កជំងឺសួត និងធ្វើឱ្យបញ្ហាប្រព័ន្ធរំលាយអាហារដូចជាការកើនឡើងអាស៊ីតក្រពះកាន់តែធ្ងន់ធ្ងរ។ អ្នកជំនាញណែនាំថា ពេលវេលាដែលល្អបំផុតសម្រាប់ការងូតទឹកគឺមុនម៉ោង ៨ យប់ ដោយប្រើទឹកដែលមានសីតុណ្ហភាពប្រហែល ៤០ អង្សាសេ និងមិនគួរងូតលើសពី ១០ នាទីឡើយ។ លោកអ្នកគួរចាប់ផ្ដើមផ្សើមខ្លួនពីត្រឹមករចុះក្រោម ដើម្បីឱ្យដៃជើងទម្លាប់នឹងទឹកសិន រួចសឹមងូតក្បាលតាមក្រោយ ហើយត្រូវជូតខ្លួន និងសក់ឱ្យស្ងួតជាដាច់ខាត រួចស្លៀកពាក់ខោអាវក្រាស់ៗដើម្បីរក្សាកម្ដៅ។ ជាពិសេស ត្រូវចៀសវាងការងូតទឹកនៅពេលដែលអ្នកកំពុងឃ្លានខ្លាំង ឆ្អែតខ្លាំង ស្រវឹងស្រា ឬទើបតែហាត់ប្រាណរួចភ្លាមៗ ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕