យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជំនឿដែលថាការញ៉ាំស៊ុតឆៅ ឬស៊ុតត្រាំទឹកឃ្មុំអាចជួយពង្រឹងថាមពលផ្លូវភេទបុរស គឺជាការយល់ច្រឡំដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រនោះទេ។
ទោះបីជាស៊ុតសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែខនិកល្អៗជាច្រើន ប៉ុន្តែវាគ្រាន់តែផ្ដល់នូវអាហារូបត្ថម្ភទូទៅសម្រាប់រាងកាយតែប៉ុណ្ណោះ មិនមែនជាឱសថសម្រាប់បង្កើនសមត្ថភាពផ្លូវភេទដោយផ្ទាល់នោះឡើយ។ ផ្ទុយទៅវិញ ការញ៉ាំស៊ុតឆៅអាចនាំមកនូវហានិភ័យខ្ពស់នៃការឆ្លងមេរោគដែលបង្កឱ្យមានការពុលអាហារ។ លើសពីនេះ រាងកាយរបស់យើងពិបាករំលាយប្រូតេអ៊ីនពីស៊ុតឆៅជាងស៊ុតដែលឆ្អិន ដែលអាចបណ្ដាលឱ្យមានអាការៈហើមពោះ និងពិបាករំលាយអាហារ។
ការទទួលទានស៊ុតច្រើនហួសប្រមាណ ក៏អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពផងដែរ ដោយសារវាមានជាតិកូឡេស្តេរ៉ុលខ្ពស់ ដែលអាចបង្កើនហានិភ័យនៃជំងឺធាត់ ជំងឺរលាកសន្លាក់ និងជំងឺបេះដូង ជាពិសេសសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ ឬលើសជាតិខ្លាញ់ស្រាប់។ ដើម្បីពង្រឹងសុខភាពផ្លូវភេទ និងសមត្ថភាពបង្កកំណើត បុរសៗគួរងាកមកទទួលទានអាហារដែលមានប្រសិទ្ធភាពជាងដូចជា គ្រឿងសមុទ្រ (ខ្យងខ្ចៅ បង្កា ក្ដាម) សណ្ដែកបណ្ដុះ ខ្ទឹមបារាំង និងគ្រាប់ធញ្ញជាតិផ្សេងៗ។
ការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ តាមរយៈការហាត់ប្រាណទៀងទាត់ ១៥ ទៅ ៣០ នាទីក្នុងមួយថ្ងៃ កាត់បន្ថយគ្រឿងស្រវឹង និងការសម្រាកឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះដ៏រឹងមាំបំផុតសម្រាប់ជីវិតផ្លូវភេទប្រកបដោយថាមពល៕