យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សជាច្រើនជឿថាការញ៉ាំស្រាទំពាំងបាយជូរ មិនធ្វើឱ្យវិលមុខ ឬចង់ក្អួតដូចស្រាសនោះទេ ប៉ុន្តែការពិតស្រាទាំងពីរប្រភេទនេះសុទ្ធតែជាគ្រឿងស្រវឹងដែលអាចបង្កផលប៉ះពាល់ដល់រាងកាយដូចគ្នា។ ស្រាទំពាំងបាយជូរ និងស្រាវីស្គី ក៏មានផ្ទុកសមាសធាតុដែលអាចធ្វើឱ្យអ្នកឆាប់ស្រវឹង និងមានអារម្មណ៍អស់កម្លាំងខ្លាំងបានដែរ។ មិនថាជាស្រាប្រភេទណានោះទេ កាលណាវាចូលទៅក្នុងខ្លួន វានឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ ដែលនាំឱ្យមានអាការៈវិលមុខ មុខក្រហម ចង្អោរ និងបេះដូងលោតញាប់ខុសប្រក្រតី។
គ្រោះថ្នាក់ពិតប្រាកដនៃគ្រឿងស្រវឹង គឺអាស្រ័យលើបរិមាណ និងភាពញឹកញាប់នៃការផឹក។ ការសេពគ្រឿងស្រវឹងហួសប្រមាណនឹងបំផ្លាញការចងចាំ បង្កបញ្ហាផ្លូវចិត្ត និងធ្វើឱ្យការឆ្លើយតបរបស់ខួរក្បាលយឺតយ៉ាវ ដែលងាយបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬអំពើហិង្សា។ ដើម្បីសុវត្ថិភាព បុរសមិនគួរញ៉ាំស្រាទំពាំងបាយជូរលើសពី ៣០០ មិល្លីលីត្រ និងស្ត្រីមិនលើសពី ១៥០ មិល្លីលីត្រក្នុងមួយថ្ងៃឡើយ ហើយជាដាច់ខាតមិនត្រូវឱ្យកុមារទទួលទានគ្រឿងស្រវឹងជាដាច់ខាត។
ដើម្បីកាត់បន្ថយផលប៉ះពាល់ លោកអ្នកគួរញ៉ាំអាហារឱ្យបានឆ្អែតទាំងមុន ក្នុងពេល និងក្រោយពេលផឹក ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម ព្រមទាំងញ៉ាំទឹកឱ្យបានច្រើនដើម្បីបង្ការការបាត់បង់ជាតិទឹក។ អ្វីដែលសំខាន់បំផុត គឺត្រូវជៀសវាងស្រាដែលគ្មានប្រភពច្បាស់លាស់ ឬមានតម្លៃថោកខុសធម្មតា។ ប្រសិនបើមានសញ្ញាដូចជា ឈឺពោះខ្លាំង ភ្នែកស្រវាំង ឬចុះកម្ដៅរាងកាយក្រោយពេលផឹក លោកអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃការពុលស្រាធ្ងន់ធ្ងរ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕