យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការអង្គុយជួបជុំគ្នាជជែកកម្សាន្តបណ្តើរ និងញ៉ាំស៊ុបឆ្នាំងភ្លើងបណ្តើររាប់ម៉ោង គឺជាទម្លាប់ដែលមនុស្សជាច្រើននិយមចូលចិត្ត ប៉ុន្តែការអូសបន្លាយពេលញ៉ាំរហូតដល់ ៣ ទៅ ៤ ម៉ោង គឺជាសត្រូវដ៏ធំចំពោះសុខភាព។
អ្នកជំនាញណែនាំថា រយៈពេលដែលស័ក្តិសមបំផុតសម្រាប់ការញ៉ាំស៊ុបម្តងៗ គឺមិនគួរលើសពី ២ ម៉ោងឡើយ ព្រោះការញ៉ាំជាប់គ្នាយូរពេកនឹងបង្ខំឱ្យក្រពះ ប្រមាត់ និងលំពែងត្រូវធ្វើការធ្ងន់ធ្ងរឥតឈប់ឈរដើម្បីបញ្ចេញទឹកក្រពះមករំលាយអាហារ។ លើសពីនេះ គ្រឿងផ្សំដែលត្រាំក្នុងទឹកស៊ុបពុះយូរហួសកម្រិត មិនត្រឹមតែបាត់បង់សារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកញ៉ាំច្រើនហួសប្រមាណនាំឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ដោយសារជាតិកូឡេស្តេរ៉ុល និងអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងទឹកស៊ុប។
ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពអតិបរមា លោកអ្នកគួរចាប់ផ្ដើមដោយការទទួលទានទឹកបន្តិច បន្ទាប់មកញ៉ាំបន្លែមុន និងញ៉ាំសាច់តាមក្រោយ។ ចំពោះសាច់ដែលហាន់ស្តើងៗ គួរជ្រលក់ក្នុងទឹកពុះប្រហែល ១ នាទីឱ្យឆ្អិនល្អ រីឯគ្រឿងសមុទ្រមានសំបក ឬប្រហិត គួរទុកឱ្យពុះលើសពី ៥ នាទីដើម្បីធានាសុវត្ថិភាពដល់ប្រព័ន្ធរំលាយអាហារ។
ជាចុងក្រោយ ដើម្បីរក្សាតុល្យភាពអាហារូបត្ថម្ភ និងជៀសវាងការរំខានដល់ប្រព័ន្ធរំលាយអាហារ លោកអ្នកមិនគួរញ៉ាំស៊ុបញឹកញាប់ពេកនោះទេ ដោយកម្រិតដែលល្អបំផុតគឺត្រឹមតែ ១ ឬ ២ ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ៕