យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ឃើញថាអាកាសធាតុត្រជាក់ ឬមេឃស្រឡះគ្មានកម្ដៅថ្ងៃ មិនចាំបាច់លាបឡេការពារកម្ដៅថ្ងៃ គឺជាកំហុសឆ្គងដ៏ធំមួយ។
ទោះបីជាសីតុណ្ហភាពចុះទាបក៏ដោយ ប៉ុន្តែកាំរស្មីយូវី នៅតែមានសមត្ថភាពទម្លុះស្រទាប់បរិយាកាសមកបំផ្លាញកោសិកាស្បែករបស់អ្នកជានិច្ច។ ការស្លៀកពាក់ជិតពីក្បាលដល់ចុងជើង មិនអាចជំនួសឱ្យឡេការពារកម្ដៅថ្ងៃបានឡើយ ព្រោះកាំរស្មីយូវី អាចបណ្ដាលឱ្យស្បែកស្ងួត រុញច្រានឱ្យស្បែកឆាប់ចាស់ជាងវ័យ និងបង្កើនហានិភ័យមហារីកស្បែក។
ដើម្បីការពារស្បែកឱ្យមានប្រសិទ្ធភាពបំផុត លោកអ្នកគួរជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមានកម្រិត SPF ចាប់ពី ៣០ ឡើងទៅ និងមានលក្ខណៈធន់នឹងទឹក។ អ្នកគួរលាបឡេយ៉ាងហោចណាស់ ១៥ នាទីមុនពេលចេញក្រៅ និងលាបបន្ថែមរៀងរាល់ ៣ ម៉ោងម្ដង ឬបន្ទាប់ពីបែកញើស និងហែលទឹក។ បន្ថែមពីលើការលាបឡេ ការប្រើប្រាស់មួកដែលមានគែមធំ វ៉ែនតាការពារកម្ដៅថ្ងៃ និងការស្វែងរកម្លប់នៅពេលធ្វើសកម្មភាពក្រៅផ្ទះ ក៏ជាវិធីសាស្ត្រចាំបាច់សម្រាប់គ្រប់ប្រភេទស្បែក និងគ្រប់ពណ៌សម្បុរ ដើម្បីរក្សាភាពស្រស់ស្អាត និងសុខភាពស្បែកឱ្យបានយូរអង្វែង៕