យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទឹកផ្លែឈើគឺជាប្រភពនៃវីតាមីន និងជាតិរ៉ែដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប៉ុន្តែការញ៉ាំវាជំនួសឱ្យការញ៉ាំផ្លែឈើទាំងមូលជារៀងរាល់ថ្ងៃ អាចផ្ដល់ផលអវិជ្ជមានច្រើនជាងផលល្អ។
បញ្ហាចម្បងគឺការខ្វះខាតជាតិសរសៃ ដែលមាននៅក្នុងសំបក និងសាច់ផ្លែឈើ។ ជាទូទៅ ទឹកក្រូចមួយកែវមានជាតិសរសៃតែ ០.៥ ក្រាមប៉ុណ្ណោះ ខណៈដែលផ្លែក្រូចស្រស់មួយផ្លែមានរហូតដល់ ៤.៤ ក្រាម។ ជាតិសរសៃមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។
លើសពីនេះ ការទទួលទានទឹកផ្លែឈើច្រើនហួសប្រមាណ (លើសពី ២៣០ មិល្លីលីត្រក្នុងមួយថ្ងៃ) អាចបណ្ដាលឱ្យឡើងជាតិស្ករក្នុងឈាមភ្លាមៗ ដែលមិនស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមឡើយ។ ជាតិស្ករ និងកាឡូរីខ្ពស់នៅក្នុងទឹកផ្លែឈើក៏ជាមូលហេតុនាំឱ្យឡើងទម្ងន់ និងធ្វើឱ្យសឹកកញ្ចក់ធ្មេញ បង្កជាអាការៈស្រៀវធ្មេញនៅពេលញ៉ាំរបស់ក្ដៅ ឬត្រជាក់។ អ្នកជំនាញណែនាំថា ប្រសិនបើអ្នកចង់ញ៉ាំ គួរជ្រើសរើសទឹកផ្លែឈើស្រស់ដែលមិនថែមស្ករ ហើយកម្រិតការញ៉ាំត្រឹមតែមួយកែវតូចក្នុងមួយថ្ងៃបានហើយ។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬមានជំងឺទឹកនោមផ្អែម ការញ៉ាំផ្លែឈើទាំងមូលគឺជាជម្រើសដ៏ល្អបំផុត ដើម្បីទទួលបានសារធាតុចិញ្ចឹមពេញលេញ និងមានសុវត្ថិភាពដល់សុខភាព៕