ទោះបីជាទឹកដូង គឺជាភេសជ្ជៈធម្មជាតិដ៏មានអត្ថប្រយោជន៍ក៏ដោយ ប៉ុន្តែការផឹកវាក្នុងពេលវេលា ឬស្ថានភាពមិនត្រឹមត្រូវមួយចំនួន ក៏អាចផ្តល់ផលអវិជ្ជមានដល់សុខភាពផងដែរ ។
នេះ គឺជាពេលវេលា និងស្ថានភាពដែលអ្នកគួរប្រុងប្រយ័ត្ន ៖
១. ផឹកនៅពេលយប់ជ្រៅ ឬមុនពេលចូលគេង
-បញ្ហាតម្រងនោម និងដំណេក ៖ ទឹកដូងមានប្រសិទ្ធភាពជួយបញ្ចុះទឹកនោម។ ការផឹកវានៅពេលយប់អាចធ្វើឱ្យអ្នកក្រោកមកបត់ជើងតូចញឹកញាប់ ដែលរំខានដល់ដំណេក។
-ត្រជាក់សាច់ ៖ តាមក្បួនបុរាណ និងវេជ្ជសាស្ត្រចិន ទឹកដូងមានធាតុត្រជាក់ ។ ការផឹកពេលយប់អាចធ្វើឱ្យរាងកាយចុះត្រជាក់ខ្លាំង ងាយនឹងមានអាការៈហើមពោះ ឬផ្ដាសាយ ជាពិសេសចំពោះអ្នកដែលមានរាងកាយខ្សោយស្រាប់។
២. ផឹកភ្លាមៗបន្ទាប់ពីដើរហាលថ្ងៃក្តៅខ្លាំង
-ទោះបីជាវាជួយបំបាត់ស្រេកទឹក ប៉ុន្តែការផឹកទឹកដូងត្រជាក់ខ្លាំងភ្លាមៗនៅពេលរាងកាយកំពុងឡើងកម្ដៅខ្លាំង (Heatstroke) អាចធ្វើឱ្យរាងកាយមានសភាព ស្រុត ឬគាំង ដែលបណ្ដាលឱ្យគ្រុនក្ដៅ ឈឺក្បាល ឬវិលមុខបាន។ អ្នកគួរសម្រាកឱ្យត្រជាក់ខ្លួនបន្តិចសិន សឹមទទួលទាន។
៣. ពេលកំពុងមានអាការៈរាករូស
-មនុស្សជាច្រើនយល់ច្រឡំថា ផឹកទឹកដូងដើម្បីបំពេញជាតិទឹកពេលរាក ។ ប៉ុន្តែ ទឹកដូងមានជាតិប៉ូតាស្យូមខ្ពស់ និងជាតិស្ករធម្មជាតិ ដែលអាចធ្វើឱ្យពោះវៀនកាន់តែធ្វើការខ្លាំង និងធ្វើឱ្យអាការៈរាករូសកាន់តែធ្ងន់ធ្ងរជាងមុន បើផឹកច្រើនពេក។
៤. មុនពេល ឬក្រោយពេលវះកាត់
-ដោយសារទឹកដូងមានឥទ្ធិពលលើសម្ពាធឈាម គ្រូពេទ្យតែងណែនាំឱ្យផ្អាកការទទួលទានយ៉ាងតិច ២ សប្តាហ៍ មុនពេលវះកាត់ ដើម្បីជៀសវាងបញ្ហាសម្ពាធឈាម និងតុល្យភាពអេឡិចត្រូឡីតក្នុងអំឡុងពេលវះកាត់។
៥. បុគ្គលដែលគួរប្រុងប្រយ័ត្នជាពិសេស៖
-អ្នកជំងឺតម្រងនោម៖ ព្រោះតម្រងនោមមិនអាចបញ្ចេញជាតិប៉ូតាស្យូមដែលលើសបានល្អ។
-អ្នកមានសម្ពាធឈាមទាប៖ ទឹកដូងជួយបញ្ចុះសម្ពាធឈាម ដូច្នេះបើផឹកច្រើនពេក វានឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះទាបខ្លាំងពេក។
-ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី ១៖ ជាទូទៅគ្រូពេទ្យណែនាំឱ្យផ្អាកសិន ព្រោះធាតុត្រជាក់របស់វាអាចធ្វើឱ្យស្បូនកន្ត្រាក់ ឬធ្វើឱ្យអាការៈចាញ់កូនកាន់តែខ្លាំង។
ពេលវេលាដែលល្អបំផុតសម្រាប់ផឹកទឹកដូងគឺ នៅពេលព្រឹក ឬពេលរសៀល (ពេលពោះទទេ ឬមុនបាយ ១ ម៉ោង) ដើម្បីជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ និងជួយបន្សាបជាតិពុល។