យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការទទួលទានគ្រឿងស្រវឹងមិនត្រូវបានណែនាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមឡើយ ព្រោះវាអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់ការគ្រប់គ្រងជំងឺ។
ជាតិអាល់កុលមានសមត្ថភាពទៅរំខានដល់ប្រសិទ្ធភាពនៃឱសថដែលអ្នកកំពុងប្រើប្រាស់ (ដូចជា អាំងស៊ុយលីន ឬថ្នាំគ្រាប់បញ្ចុះជាតិស្ករ) ដែលនាំឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬចុះទាបខុសប្រក្រតី។ ប្រសិនបើអ្នកញ៉ាំគ្រឿងស្រវឹងច្រើនតែមិនបានញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ វាអាចបណ្តាលឱ្យចុះជាតិស្ករក្នុងឈាមយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបើញ៉ាំអាហារច្រើនហួសកម្រិតជាមួយជាតិស្រវឹង វានឹងធ្វើឱ្យជាតិស្ករហក់ឡើងខ្ពស់ភ្លាមៗ។
ហានិភ័យដ៏គួរឱ្យខ្លាចបំផុតមួយគឺ “អាស៊ីតមេតាប៉ូលីស” ដែលជាស្ថានភាពអាស៊ីតកកកុញក្នុងឈាមច្រើនជ្រុល ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីនេះ ការសេពគ្រឿងស្រវឹងរយៈពេលយូរនឹងធ្វើឱ្យសភាពជំងឺកាន់តែដុនដាប ដូចជាបង្កឱ្យមានបញ្ហាលើសសម្ពាធឈាម ខូចប្រព័ន្ធប្រសាទ និងប៉ះពាល់ដល់ភ្នែករបស់អ្នកជំងឺទឹកនោមផ្អែមយ៉ាងធ្ងន់ធ្ងរ។
ជារួម ដើម្បីសុវត្ថិភាព លោកអ្នកគួរចៀសវាងការទទួលទានគ្រឿងស្រវឹង។ ប៉ុន្តែក្នុងករណីដែលមិនអាចចៀសផុត លោកអ្នកត្រូវតែ តាមដានកម្រិតជាតិស្ករក្នុងឈាមឱ្យបានហ្មត់ចត់បំផុត ទាំងមុនពេល និងក្រោយពេលផឹក ដើម្បីធានាថាវាស្ថិតក្នុងកម្រិតសុវត្ថិភាព។
ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការណែនាំជាក់លាក់ចំពោះស្ថានភាពរាងកាយរបស់អ្នក គឺជាជំហានដ៏ត្រឹមត្រូវបំផុតមុននឹងសម្រេចចិត្តពិសាគ្រឿងស្រវឹងក្នុងកម្មវិធីជួបជុំផ្សេងៗ៕