យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស កាហ្វេអំបិលដែលកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន មានផ្ទុកនូវគ្រឿងផ្សំចម្រុះដូចជា កាហ្វេ អំបិល គ្រីម និងទឹកដោះគោខាប់ ដែលផ្ដល់នូវរសជាតិប្លែកទាក់ទាញមាត់។
ទោះជាយ៉ាងណា ការទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សុខភាព ដោយសារបញ្ហាលើសជាតិអំបិល ឬសូដ្យូម។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) មនុស្សពេញវ័យមិនគួរទទួលទានអំបិលលើសពី ៥ ក្រាមក្នុងមួយថ្ងៃឡើយ ប៉ុន្តែការញ៉ាំកាហ្វេអំបិលរួមផ្សំជាមួយរបបអាហារប្រចាំថ្ងៃ អាចធ្វើឱ្យរាងកាយទទួលបានជាតិអំបិលលើសកម្រិតកំណត់រហូតដល់ទៅទ្វេដង។
ការទទួលទានជាតិអំបិលច្រើនហួសប្រមាណគឺជាសត្រូវលាក់មុខដែលបង្កឱ្យឡើងសម្ពាធឈាមខ្ពស់ និងបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងមហារីកក្រពះ។ លើសពីនេះ វាក៏ជះឥទ្ធិពលអាក្រក់ដល់តម្រងនោម និងធ្វើឱ្យឆ្អឹងចុះខ្សោយតាមរយៈជំងឺពុកឆ្អឹងផងដែរ។
ដើម្បីការពារសុខភាព អ្នកជំនាញណែនាំថា មិនគួរទទួលទានកាហ្វេអំបិលជារៀងរាល់ថ្ងៃនោះទេ ហើយប្រសិនបើអ្នកចង់ញ៉ាំ អ្នកត្រូវកាត់បន្ថយបរិមាណអំបិលក្នុងម្ហូបអាហារផ្សេងៗទៀតដែលអ្នកញ៉ាំពេញមួយថ្ងៃនោះឱ្យបានហ្មត់ចត់បំផុត។ ជាមួយគ្នានេះដែរ អ្នកគួរជៀសវាងការញ៉ាំវានៅពេលយប់ ដើម្បីការពារបញ្ហាគេងមិនលក់ដែលបណ្ដាលមកពីជាតិកាហ្វេអ៊ីន៕