យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្រោយពេលសម្រាកពីជំងឺផ្ដាសាយ ការជ្រើសរើសរបបអាហារដែលសមស្របគឺជារឿងចាំបាច់បំផុតដើម្បីស្ដារថាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយ។
មុខម្ហូបដែលមានជាតិទឹកដូចជាបបរ ឬស៊ុបមាន់ដែលដាក់បន្ថែមខ្ញី និងស្លឹកខ្ទឹម គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាសម្បូរវីតាមីន ងាយរំលាយ និងជួយឱ្យរាងកាយងើបកម្លាំងបានលឿន។ បន្ថែមពីនេះ ការញ៉ាំសាច់គោដែលសម្បូរប្រូតេអ៊ីន និងជាតិដែក ក៏ជួយប្រឆាំងនឹងការរលាក និងបង្កើនមុខងារការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ។
ក្រៅពីរបបអាហារ ការបំពេញជាតិទឹកក៏ជារឿងមិនអាចរំលងបានឡើយ ដោយអ្នកគួរញ៉ាំទឹកឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយការខ្សោះជាតិទឹក និងជួយឱ្យផ្លូវដង្ហើមស្រឡះល្អ។ ទឹកដូងក៏ជាភេសជ្ជៈដ៏អស្ចារ្យដែលជួយបញ្ចុះកម្ដៅ និងផ្តល់ថាមពលភ្លាមៗដល់រាងកាយ។ សម្រាប់អ្នកដែលមានអាការឈឺក្បាល ឬឈឺសាច់ដុំ ការញ៉ាំទឹកខ្ញីក្ដៅឧណ្ហៗលាយទឹកឃ្មុំ ឬទឹកក្រូចឆ្មារ នឹងជួយកាត់បន្ថយការឈឺចាប់ បញ្ចេញស្លេស្ម និងផ្តល់វីតាមីន C យ៉ាងមានប្រសិទ្ធភាពបំផុត៕