យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចហ្គាស ភេសជ្ជៈពង្រឹងកម្លាំង កាហ្វេ និងតែផ្អែមៗ គឺជាមូលហេតុចម្បងដែលនាំឱ្យកម្រិតជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាមហក់ឡើងខ្ពស់ភ្លាមៗ។
ដំណើរការនេះមិនត្រឹមតែធ្វើឱ្យលោកអ្នកឆាប់ឃ្លាន និងប្រឈមនឹងជំងឺធាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កការរំខានដល់មេតាប៉ូលីសជាតិខ្លាញ់ បង្កើនកូឡេស្តេរ៉ុលអាក្រក់ និងបង្កជាបន្ទះខ្លាញ់ក្នុងសរសៃឈាម ដែលនាំឱ្យសរសៃឈាមរួមតូច និងរឹង។ ការសិក្សារយៈពេលជាង ៣០ ឆ្នាំបានបង្ហាញថា អ្នកដែលញ៉ាំភេសជ្ជៈផ្អែមលើសពី ២ កែវក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់នៃការស្លាប់ដោយសារជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលច្រើនជាងអ្នកមិនសូវញ៉ាំរហូតដល់មួយភាគបី។
ដើម្បីរក្សាសុខភាព លោកអ្នកគួរកម្រិតការទទួលទានជាតិស្ករបន្ថែមឱ្យទាបជាង ១០% នៃកាឡូរីសរុបប្រចាំថ្ងៃ។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកត្រូវការ ២.០០០ កាឡូរីក្នុងមួយថ្ងៃ លោកអ្នកមិនគួរញ៉ាំស្ករលើសពី ២០០ កាឡូរីឡើយ ខណៈដែលទឹកក្រូចហ្គាសត្រឹមតែមួយកំប៉ុងមានជាតិស្កររហូតដល់ ១៥០ កាឡូរីទៅហើយ (ស្មើនឹង ៧៥% នៃកម្រិតកំណត់)។ ការញ៉ាំផ្អែមច្រើនហួសប្រមាណ រួមផ្សំនឹងរបបអាហារមិនមានតុល្យភាព នឹងជំរុញឱ្យកើតជំងឺបេះដូងកាន់តែលឿន ជាពិសេសចំពោះកុមារ វានឹងធ្វើឱ្យពួកគេបាត់បង់ចំណង់អាហារចម្បង និងប៉ះពាល់ដល់ការលូតលាស់។
វិធីសាស្ត្រដែលល្អបំផុតសម្រាប់សុខភាព គឺការកាត់បន្ថយភេសជ្ជៈកែច្នៃ ហើយងាកមកផ្ដោតលើការញ៉ាំទឹកស្អាត ទឹកផ្លែឈើស្រស់មិនថែមស្ករ ទឹកដោះគោសណ្ដែក ទឹកដោះគោធញ្ញជាតិ ឬតែដែលគ្មានជាតិស្ករជំនួសវិញ។ ការផ្លាស់ប្តូរទម្លាប់ញ៉ាំតូចតាចនៅថ្ងៃនេះ គឺជាការវិនិយោគដ៏ធំធេងសម្រាប់សុខភាពបេះដូង និងអាយុជីវិតយូរអង្វែងរបស់លោកអ្នក និងក្រុមគ្រួសារ៕