បញ្ហា ដំបៅក្រពះជារឿយៗមិនចេញរោគសញ្ញាឱ្យយើងដឹងភ្លាមៗនោះទេ ប៉ុន្តែនៅពេលដែលដំបៅចាប់ផ្តើមរីកធំ ឬប៉ះពាល់ដល់ភ្នាសក្រពះខ្លាំង វានឹងបង្ហាញសញ្ញាព្រមានមួយចំនួនដូចខាងក្រោម៖
១. រោគសញ្ញាទូទៅ និងដំបូងបង្អស់
-ឈឺចុកចាប់នៅចុងដង្ហើម៖ នេះជារោគសញ្ញាទូទៅបំផុត។ ការឈឺចាប់នេះច្រើនតែកើតឡើងនៅចន្លោះផ្ចិត និងឆ្អឹងទ្រូង។
-ឈឺខ្លាំងនៅពេលពោះទទេ៖ ជាទូទៅ ការឈឺចាប់នឹងកើនឡើងនៅពេលក្រពះទំនេរ (ដូចជាពេលយប់ជ្រៅ ឬមុនពេលបាយ) ហើយវាអាចនឹងធូរស្រាលបន្តិចក្រោយពេលញ៉ាំអាហារ ឬលេបថ្នាំបន្សាបអាស៊ីត។
-ឆាប់ឆ្អែតខុសធម្មតា៖ ទោះបីជាញ៉ាំអាហារបានបន្តិចបន្តួចក៏ដោយ ក៏មានអារម្មណ៍ថាណែនពោះ ឬឆ្អែតខ្លាំង។
២. រោគសញ្ញានៃការរំលាយអាហារ
-ហើមពោះ និងភើច្រើន៖ មានអារម្មណ៍ថាមានខ្យល់ក្នុងពោះច្រើន និងភើមកមានរសជាតិជូរ ឬខ្លិនមិនល្អ។
-ចង្អោរ ឬក្អួត៖ អ្នកជំងឺខ្លះអាចមានអារម្មណ៍ចង់ក្អួតក្រោយពេលញ៉ាំអាហាររួច។
-ក្រហាយទ្រូង ៖ មានអារម្មណ៍ក្រហាយភាយៗឡើងមកបំពង់ក ដែលបណ្តាលមកពីអាស៊ីតក្រពះឡើងខ្លាំង។
៣. រោគសញ្ញាគ្រោះថ្នាក់ (ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់)
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម នេះមានន័យថាដំបៅក្រពះរបស់អ្នកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ឬមានការហូរឈាម៖
-ក្អួតឈាម៖ ឈាមអាចមានពណ៌ក្រហមស្រស់ ឬពណ៌ក្រម៉ៅដូចកាកកាហ្វេ។
-បត់ជើងធំមានពណ៌ខ្មៅ៖ លាមកមានពណ៌ខ្មៅរលោង និងមានក្លិនស្អុយខ្លាំងខុសធម្មតា (សញ្ញានៃការហូរឈាមក្នុងក្រពះ)។
-ស្រកទម្ងន់ខុសធម្មតា៖ ស្រកគីឡូដោយមិនដឹងមូលហេតុ និងមិនមានចំណង់អាហារ។
-ស្លេកស្លាំង និងអស់កម្លាំងខ្លាំង៖ បណ្តាលមកពីការបាត់បង់គ្រាប់ឈាមក្រហមតាមរយៈការហូរឈាមក្នុងដំបៅ។