យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការឆុងទឹកក្រូចឆ្មារទឹកឃ្មុំឱ្យស្វាមីញ៉ាំក្រោយពេលពិសាគ្រឿងស្រវឹង គឺជាវិធីសាស្ត្រដ៏ពេញនិយមដើម្បីកាត់បន្ថយអាការៈមិនស្រួលខ្លួន។ ជាតិវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងភេសជ្ជៈនេះ ជួយសម្រួលដល់ដំណើរការមេតាប៉ូលីស នៃជាតិអាល់កុលក្នុងថ្លើម ដែលជួយឱ្យអ្នកស្រវឹងឆាប់ដឹងខ្លួន កាត់បន្ថយការវិលមុខ និងអាការៈចង់ក្អួតបានមួយកម្រិត។
ទោះជាយ៉ាងណា លោកអ្នកត្រូវជ្រាបថា ភេសជ្ជៈនេះគ្រាន់តែជួយសម្រាល “រោគសញ្ញាខាងក្រៅ” ប៉ុណ្ណោះ ប៉ុន្តែវាមិនអាចទៅលុបបំបាត់ផលប៉ះពាល់ដ៏អាក្រក់នៃជាតិអាល់កុលដែលកំពុងបំផ្លាញកោសិកាថ្លើមបានឡើយ។ នៅពេលជាតិអាល់កុលមានបរិមាណច្រើនលើសលប់ជាងសមត្ថភាពដែលថ្លើមអាចបន្សាបបាន វានៅតែបន្តបង្កហានិភ័យនៃជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើមដដែល ទោះបីជាអ្នកញ៉ាំទឹកក្រូចឆ្មារបន្សាបក៏ដោយ។
ជារួម ការញ៉ាំទឹកក្រូចឆ្មារទឹកឃ្មុំ ឬតែខ្ញី ពិតជាល្អសម្រាប់ការជួយឱ្យស្វាងពីស្រវឹង ប៉ុន្តែវិធីការពារសុខភាពដែលល្អបំផុត គឺការកម្រិតបរិមាណគ្រឿងស្រវឹងឱ្យបានតិចតួចបំផុត។ ការពឹងផ្អែកតែលើភេសជ្ជៈបន្សាប ដោយមិនកាត់បន្ថយការផឹក មិនមែនជាដំណោះស្រាយយូរអង្វែងសម្រាប់សុខភាពថ្លើម និងរាងកាយទាំងមូលនោះទេ៕