យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសជ្រញ់ត្រឹមត្រូវគឺជាគន្លឹះនៃសុវត្ថិភាពចំណីអាហារដែលគ្រួសារជាច្រើនតែងមើលរំលង។ ទោះបីជាជ្រញ់ឈើ និងប្លាស្ទិកមានប្រជាប្រិយភាពដូចគ្នា ប៉ុន្តែពួកវាមានលក្ខណៈសម្បត្តិខុសគ្នាដាច់ស្រឡះក្នុងការទប់ទល់នឹងមេរោគ និងការថែទាំ។
ជ្រញ់ឈើ ត្រូវបានគេស្គាល់ថាជាជម្រើសដ៏ល្អសម្រាប់អ្នកស្រលាញ់កាំបិត ព្រោះវាមានផ្ទៃទន់មិនងាយធ្វើឱ្យមុខកាំបិតរិល។ អ្វីដែលអស្ចារ្យនោះគឺ ប្រភេទឈើរឹងខ្លះមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដោយធម្មជាតិ ដោយវាអាច “ចាប់” បាក់តេរីឱ្យងាប់នៅពេលឈើស្ងួត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារវាមានរន្ធញើសតូចៗ វាងាយស្រួលស្រូបទឹក និងក្លិនអាហារណាស់។ ដើម្បីឱ្យវាមានសុវត្ថិភាព អ្នកត្រូវលាងជាមួយទឹកក្ដៅឧណ្ហៗ ជូតឱ្យស្ងួតបំផុត និងត្រូវលាបប្រេងរ៉ែជាប្រចាំដើម្បីការពារការប្រេះស្រាំដែលជាជម្រកមេរោគ។
ដោយឡែក ជ្រញ់ប្លាស្ទិក ឈ្នះលើផ្នែកភាពងាយស្រួល ព្រោះវាមានទម្ងន់ស្រាល មិនស្រូបទឹក និងអាចដាក់លាងក្នុងម៉ាស៊ីនលាងចានបាន។ ប៉ុន្តែកំហុសឆ្គងដ៏ធំបំផុតគឺការបន្តប្រើវានៅពេលមាន “ស្នាមកាំបិតជ្រៅៗ”។ ស្នាមឆ្កូតទាំងនោះគឺជាទីតាំងដ៏ល្អសម្រាប់បាក់តេរីពួនសម្ងំ ដែលការលាងសម្អាតធម្មតាមិនអាចកម្ចាត់អស់ឡើយ។ ផ្ទុយពីឈើ ជ្រញ់ប្លាស្ទិកធ្វើឱ្យកាំបិតឆាប់រិល និងអាចបញ្ចេញកម្ទេចមីក្រូប្លាស្ទិកចូលក្នុងអាហារប្រសិនបើវាមានគុណភាពទាប។
ជារួម តើមួយណាមានសុវត្ថិភាពជាង?
ប្រភេទណាក៏ដោយ សុវត្ថិភាពអាស្រ័យលើ “ការបំបែកមុខងារ”។ វិធីសាស្ត្រល្អបំផុតគឺត្រូវមានជ្រញ់យ៉ាងតិច ២ ដាច់ដោយឡែកពីគ្នា៖ ប្រើក្តារប្លាស្ទិកសម្រាប់សាច់ឆៅ (ព្រោះងាយសម្លាប់មេរោគជាមួយទឹកក្ដៅ) និងជ្រញ់ឈើសម្រាប់បន្លែ ផ្លែឈើ ឬអាហារឆ្អិន។ ប្រសិនបើជ្រញ់របស់អ្នកមានស្នាមជ្រៅ ឬដុះផ្សិតខ្មៅ ទោះជាប្រភេទណាក៏ដោយ ចូរផ្លាស់ប្តូរវាចេញភ្លាមដើម្បីការពារសុខភាពក្រុមគ្រួសារ៕