យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់សប្តិសើម ឬការបញ្ចេញទឹកកាមពេលយប់ គឺជាបាតុភូតធម្មជាតិដែលកើតឡើងទាំងលើបុរស និងស្ត្រី ជាពិសេសក្នុងវ័យជំទង់ និងវ័យយុវវ័យ។
ចំពោះស្ត្រី ការយល់សប្តិសើមបង្ហាញឡើងតាមរយៈការហូរទឹករំអិលចេញពីទ្វារមាស ដែលកើតចេញពីការស្រើបស្រាលក្នុងសុបិន ឬការកើនឡើងនៃកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងពេលសម្រាក។ ការសិក្សាបានបង្ហាញថា ប្រហែល ៤% នៃសុបិនរបស់មនុស្សអាចនាំទៅដល់ការឈានដល់ចំណុចកំពូលទាំងបុរស និងស្ត្រី ទោះបីជាសុបិននោះមិនពាក់ព័ន្ធនឹងរឿងផ្លូវភេទផ្ទាល់ក៏ដោយ។
មានការយល់ច្រឡំមួយចំនួនដែលគួរឈ្វេងយល់គឺ ការយល់សប្តិសើមមិនមែនជាជំងឺ ហើយក៏មិនធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយដែរ។ ចំពោះបុរស វាមិនមែនជាការកាត់បន្ថយចំនួនមេជីវិតឈ្មោលឡើយ ប៉ុន្តែវាគឺជាយន្តការរបស់រាងកាយក្នុងការបញ្ចេញមេជីវិតឈ្មោលចាស់ៗ ដើម្បីផលិតថ្មីជំនួសវិញ។ បាតុភូតនេះអាចកើតឡើងដោយសារការកកិតរាងកាយជាមួយពូក ឬការខកខានមិនបានរួមភេទក្នុងរយៈពេលយូរ។ សម្រាប់អ្នកដែលមិនដែលធ្លាប់ជួបប្រទះការយល់សប្តិសើម ក៏មិនមែនជារឿងខុសប្រក្រតីដែរ ព្រោះរាងកាយមនុស្សម្នាក់ៗមានដំណើរការខុសៗគ្នា។
ប្រសិនបើលោកអ្នកចង់កាត់បន្ថយការយល់សប្តិសើម ការធ្វើសមាធិដើម្បីឱ្យចិត្តស្ងប់មុនពេលចូលគេង ឬការរួមភេទជាទៀងទាត់អាចជួយបានខ្លះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការយល់សប្តិឃើញរឿងដដែលៗបង្កជាការរំខានដល់ដំណេកខ្លាំង លោកអ្នកអាចពិគ្រោះជាមួយអ្នកចិត្តសាស្ត្រដើម្បីទទួលបានដំបូន្មាន។ អ្វីដែលសំខាន់បំផុតគឺការរក្សាអនាម័យខ្លួនប្រាណ និងការយល់ដឹងថាវាគ្រាន់តែជាផ្នែកមួយនៃដំណើរការលូតលាស់នៃប្រព័ន្ធអ័រម៉ូនក្នុងរាងកាយតែប៉ុណ្ណោះ៕