យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាផ្លែឈើគឺជាប្រភពនៃវីតាមីន និងជាតិសរសៃដ៏ប្រសើរ ប៉ុន្តែការទទួលទានផ្លែឈើមួយចំនួនដែលមានផ្ទុកជាតិស្ករ និងកាបូអ៊ីដ្រាតខ្ពស់ តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
តាមការណែនាំពីសមាគមអ្នកជំងឺទឹកនោមផ្អែមអាម៉េរិក ផ្លែឈើស្រស់ដូចជា ស្វាយទុំ ចេក ទំពាំងបាយជូរក្រហម និងម្នាស់ មានផ្ទុកកាបូអ៊ីដ្រាតក្នុងកម្រិតខ្ពស់ ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងញាប់ភ្លាមៗ ប្រសិនបើញ៉ាំក្នុងបរិមាណច្រើន។
យ៉ាងណាមិញ លោកអ្នកមិនចាំបាច់កាត់ផ្ដាច់ផ្លែឈើទាំងនេះចេញពីរបបអាហារទាំងស្រុងនោះទេ ប៉ុន្តែគួរជ្រើសរើសការញ៉ាំក្នុងបរិមាណសមល្មម និងគួរញ៉ាំទន្ទឹមគ្នាជាមួយអាហារដែលមានជាតិខ្លាញ់ល្អ ឬប្រូតេអ៊ីន ដូចជាគ្រាប់ធញ្ញជាតិ ឬយ៉ាអួ ដើម្បីជួយពន្យារល្បឿននៃការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាម។
ក្រៅពីផ្លែឈើស្រស់ ផ្លែឈើក្រៀម និងផ្លែឈើកំប៉ុង ក៏ជាប្រភពនៃជាតិស្ករដ៏មហាសាលដែលគួរជៀសវាង ឬកម្រិតការទទួលទានឱ្យបានហ្មត់ចត់បំផុត។ ដំណើរការនៃការធ្វើឱ្យស្ងួតបានធ្វើឱ្យជាតិទឹកបាត់បង់ និងបន្សល់ទុកនូវកំហាប់ជាតិស្ករយ៉ាងខ្ពស់លើសពីផ្លែឈើស្រស់ជាច្រើនដង ហើយជារឿយៗវាថែមទាំងត្រូវបានគេបន្ថែមជាតិស្ករកែច្នៃពីខាងក្រៅទៀតផង។ ដោយឡែក ផ្លែឈើកំប៉ុងដែលត្រាំក្នុងទឹកស៊ីរ៉ូ ក៏មានផ្ទុកជាតិស្ករលើសលប់ ដែលអាចផ្ដល់ជាតិស្ករបន្ថែមរហូតដល់ជាង ៦ ស្លាបព្រាកាហ្វេក្នុងមួយកែវ។
ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីវីតាមីនផង និងរក្សាសុខភាពឱ្យមានស្ថិរភាពផង គន្លឹះសំខាន់គឺការតាមដានបរិមាណដែលត្រូវញ៉ាំឱ្យបានច្បាស់លាស់ និងការជ្រើសរើសផ្លែឈើស្រស់ដែលមានជាតិសរសៃខ្ពស់ជាអាទិភាព៕