យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការផ្លាស់ប្តូរពីការញ៉ាំបាយមកញ៉ាំពោតដើម្បីសម្រកទម្ងន់ គឺជាវិធីសាស្ត្រដែលមនុស្សជាច្រើននិយមអនុវត្ត ប៉ុន្តែការញ៉ាំក្នុងបរិមាណច្រើនពេក (ដូចជា ៣ ទៅ ៤ ផ្លែក្នុងមួយថ្ងៃ) មិនមែនជាជម្រើសល្អនោះទេ។
ទោះបីជាពោតសម្បូរទៅដោយវីតាមីន B, C និងជាតិសរសៃដែលជួយឱ្យឆាប់ឆ្អែត សម្រួលដល់ការបន្ទោបង់ និងកាត់បន្ថយការឃ្លានអាហារសម្រន់ក៏ដោយ ប៉ុន្តែពោតក៏មានផ្ទុកនូវជាតិម្សៅ និងកាបូអ៊ីដ្រាតខ្ពស់ផងដែរ។
ការទទួលទានច្រើនហួសកម្រិតអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ ដែលជាហានិភ័យសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម និងអាចបង្កឱ្យមានអាការៈហើមពោះ ពិបាករំលាយអាហារ ជាពិសេសចំពោះកុមារ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ។
អ្នកជំនាញផ្នែកអាហារូបត្ថម្ភណែនាំថា ការសម្រកទម្ងន់ដែលមានប្រសិទ្ធភាពមិនមែនជាការបោះបង់បាយចោលទាំងស្រុង ហើយជំនួសដោយពោតតែមួយមុខនោះទេ ប៉ុន្តែគឺជាការធ្វើឱ្យរបបអាហារមានភាពសម្បូរបែប។ លោកអ្នកគួរទទួលទានពោតត្រឹមតែ ១ ផ្លែក្នុងមួយថ្ងៃ គឺជាការគ្រប់គ្រាន់ ហើយត្រូវបន្ថែមនូវប្រភពប្រូតេអ៊ីន ខ្លាញ់ល្អ និងបន្លែបៃតងឱ្យមានតុល្យភាព។ គន្លឹះសំខាន់នៃការសម្រកទម្ងន់ប្រកបដោយចីរភាព គឺការគ្រប់គ្រងបរិមាណកាឡូរីសរុប ការញ៉ាំទឹកឱ្យបានច្រើន និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាជាងការផ្ដោតលើអាហារតែមួយប្រភេទដែលនាំឱ្យខ្វះសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀត៕