ជាទូទៅ ប្រសិនបើយើងប្រៀបធៀបក្នុងបរិមាណ «មួយចានស្មើគ្នា» ការញ៉ាំបាយ នឹងធ្វើឱ្យឡើងគីឡូជាងបបរស ។
មូលហេតុចម្បងៗមានដូចជា៖
១. បរិមាណកាឡូរី
-បបរស៖ មានផ្ទុកជាតិទឹកច្រើន (ប្រហែល ៧០-៨០%)។ ក្នុងបបរសមួយចាន ខួរអង្ករមានតិចជាងបាយ ដូច្នេះកាឡូរីក៏តិចទៅតាមនោះដែរ (ជាមធ្យមបបរសមួយចានមានប្រហែល ៧០-១០០ kcal)។
-បាយ ៖ ជាអង្ករសុទ្ធដែលឆ្អិនដោយការស្រូបទឹកចូលក្នុងគ្រាប់ ។ បាយមួយចានផ្ដល់ថាមពលខ្លាំង និងកាឡូរីខ្ពស់ជាងបបរសឆ្ងាយ (ជាមធ្យមបាយមួយចានមានប្រហែល ២០០-២៥០ kcal)។
២. កម្រិតជាតិស្ករ
–ទាំងបាយ និងបបរស សុទ្ធតែជាកាបូអ៊ីដ្រាតចម្រាញ់ (Refined Carbs) ដែលអាចឡើងជាតិស្ករលឿន ។ ប៉ុន្តែ បបរសត្រូវបានរំលាយបានលឿនជាងបាយ ដែលអាចធ្វើឱ្យអ្នកឆាប់ឃ្លានវិញនៅពេលយប់ ។ ប្រសិនបើអ្នកញ៉ាំបបរសហើយឃ្លាន រួចរកនំចំណីញ៉ាំបន្ថែម នោះវានឹងធ្វើឱ្យឡើងគីឡូដូចគ្នា ។
៣. គ្រឿងបរិភោគជាមួយ
-បបរស៖ ជាទូទៅគេញ៉ាំជាមួយត្រីងៀត ពងទាប្រៃ ឬឆៃប៉ូវ ដែលមានជាតិប្រៃខ្ពស់ ។ ជាតិប្រៃ (Sodium) ធ្វើឱ្យរាងកាយ រក្សាទឹក (Water Retention) ដែលអាចធ្វើឱ្យអ្នកហើមមុខ ឬឡើងគីឡូ (ទម្ងន់ទឹក) នៅព្រឹកស្អែក។
-បាយ៖ គេច្រើនញ៉ាំជាមួយសម្ល ឬឆា ដែលមានជាតិខ្លាញ់ និងប្រូតេអ៊ីនច្រើន ។
ញ៉ាំបាយឡើងគីឡូជាងបបរស (ក្នុងបរិមាណស្មើគ្នា) ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ បរិមាណសរុបដែលអ្នកញ៉ាំ និងគ្រឿងម្ហូបដែលញ៉ាំជាមួយ។