យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទឹកក្រូចគឺជាភេសជ្ជៈដ៏វិសេសវិសាលសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារជំងឺបេះដូង ប៉ុន្តែការផឹកខុសពេលវេលាអាចប្រែក្លាយវាទៅជាផលវិបាកចំពោះសុខភាពវិញ។
លោកអ្នកគួរចៀសវាងការផឹកទឹកក្រូចនៅ ពេលល្ងាច ឬមុនពេលចូលគេង ព្រោះវាអាចបណ្ដាលឱ្យលើសថាមពលដែលនាំឱ្យកកកុញជាតិខ្លាញ់នៅត្រង់ពោះ រំខានដល់ការគេងដោយសារការបត់ជើងតូចញឹកញាប់ និងអាចបង្កជាក្រួសក្នុងតម្រងនោមដោយសារសារធាតុរ៉ែលើសកម្រិត។ លើសពីនេះ អាស៊ីតក្នុងផ្លែក្រូចក៏អាចបំផ្លាញស្រទាប់ធ្មេញរបស់លោកអ្នកបានផងដែរ ប្រសិនបើផឹកនៅពេលយប់។
ពេលវេលាគ្រោះថ្នាក់មួយទៀតគឺ នៅពេលពោះទទេ ព្រោះវីតាមីន C ខ្ពស់នឹងប្រតិកម្មជាមួយអាស៊ីតក្រពះ បង្កឱ្យមានការរលាក ឬដំបៅក្រពះយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ការផឹកទឹកក្រូច លាយជាមួយទឹកដោះគោ ក៏ជារឿងមិនគួរធ្វើឡើយ ព្រោះអាស៊ីតក្នុងក្រូចនឹងធ្វើឱ្យប្រូតេអ៊ីនក្នុងទឹកដោះគោរឹង ក្លាយជាបញ្ហាចម្បងបង្កឱ្យហើមពោះ ឈឺពោះ និងរាករូស។ បន្ថែមពីនេះ លោកអ្នកមិនគួរផឹកទឹកក្រូចជាមួយថ្នាំពេទ្យឡើយ ដោយគួរទុកចន្លោះពេលពី ១ ទៅ ២ ម៉ោង ដើម្បីកុំឱ្យវាប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ។
ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានទឹកក្រូចគឺ នៅពេលព្រឹក (១ ទៅ ២ ម៉ោងក្រោយអាហារ) ដើម្បីឱ្យរាងកាយស្រូបយកវីតាមីន និងសារធាតុរ៉ែបានពេញលេញសម្រាប់ផ្ដល់ថាមពលពេញមួយថ្ងៃ។ ទោះជាយ៉ាងណា អ្នកដែលមានជំងឺទឹកនោមផ្អែម បញ្ហាថ្លើម តម្រងនោម ឬអ្នកដែលមានក្រពះងាយប្រតិកម្ម គួរមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទទួលទានច្រើនលើសកម្រិតឡើយ ដើម្បីចៀសវាងការលើសវីតាមីន C ក្នុងរាងកាយ៕