ផ្លែដូង ជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយម និងសម្បូរណាស់នៅក្នុងប្រទេសកម្ពជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានទឹកដូងចំពោះសុខភាព។ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ការទទួលទានសាច់ដូងក៏ល្អបំផុតមិនចាញ់គ្នាដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានសាច់ដូងខ្ចីជាប្រចាំ ៖
១. កាត់បន្ថយទប់ស្កាត់អាការៈទល់លាមក
សាច់នៃផ្លែដូងខ្ចី គឺជាប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃដែលជួយទប់ស្កាត់ និងដោះស្រាយបញ្ហាទល់លាមក។ ការទទួលទានអាហារមានជាតិសសៃខ្ពស់គ្រប់គ្រាន់ក៏ជួយទប់ស្កាត់បញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ រួមទាំងជំងឺមហារីកពោះវៀនធំ និងជំងឺឬសដូងបាត។
២. បង្កើនការស្រូបយកវីតាមីនសំខាន់ៗ
តើអ្នកធ្លាប់ដឹងឬអត់ថាប្រភេទនៃវីតាមីនចាំបាច់ខ្លះទាមទារជាតិខ្លាញ់ដើម្បីអាចជ្រាប ឬស្រូបចូលក្នុងរាងកាយបាន? វីតាមីនទាំងនោះមានដូចជា វីតាមីន A, D, E និងវីតាមីន k។ សាច់ដូងខ្ចីមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់សុខភាពល្អ ដូច្នេះហើយទើបការទទួលទានវាជាទៀងទាត់ជួយឱ្យរាងកាយអាចស្រូបបាននូវវីតាមីនសំខាន់ៗពីក្នុងអាហារដែលអ្នកបានទទួលទាន។
៣. បង្កើនកម្រិតថាមពល
ដូចដែលបានរៀបរាប់ខាងលើ សាច់ដូងខ្ចី គឺមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អៗដែលនៅពេលជ្រាបចូលដល់ក្នុងឈាមនឹងត្រូវបានប្រើប្រាស់ជាថាមពល។ វាក៏ផ្ដល់ឱ្យរាងកាយនូវវីតាមីន B ដែលសំខាន់ជួយបង្កើនថាមពលបានឆាប់ផងដែរ។
៤. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
អ្នកជំងឺទឹកនោមផ្អែម រួមទាំងអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការទទួលទានសាច់ដូងខ្ចីទៀងទាត់។ នោះក៏ព្រោះតែសាច់ដូងខ្ចីអាចជួយពន្យឺតការបញ្ចេញជាតិស្ករទៅក្នុងឈាម។
៥. កាត់បន្ថយហានិភ័យនៃរោគឆ្លង
សាច់ដូងខ្ចីមានសមត្ថភាពសម្លាប់រាល់បាក់តេរី, វីរុស និងរោគផ្សិតដែលបង្កបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះនិយាយឱ្យងាយយល់ គឺការទទួលទានសាច់ដូងខ្ចីជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៕