យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការទទួលទានសាច់អាំង ជាពិសេសសាច់ក្រហមដែលចម្អិនក្នុងសីតុណ្ហភាពខ្ពស់ពេក ពិតជាអាចបង្កហានិភ័យនៃជំងឺមហារីកមែន។ នៅពេលសាច់ត្រូវបានដុតកម្តៅខ្លាំង វានឹងបង្កើតនូវសារធាតុគីមីពីរប្រភេទដែលសារធាតុទាំងនេះអាចទៅផ្លាស់ប្តូរទម្រង់ របស់កោសិកា និងជំរុញឱ្យកើតជំងឺមហារីក។
អង្គការសុខភាពពិភពលោក ក៏បានចាត់ថ្នាក់សាច់កែច្នៃដូចជា សាច់ក្រក និងសាច់ជ្រូកបីជាន់បន្ទះ ជាក្រុមអាហារដែលបង្កគ្រោះថ្នាក់បំផុតផងដែរ។
ទោះជាយ៉ាងណា លោកអ្នកនៅតែអាចរីករាយជាមួយសាច់អាំងបាន ប្រសិនបើដឹងពីតិចនិកការពារដ៏ឆ្លាតវៃ។ ការ ប្រឡាក់គ្រឿងសាច់ ឱ្យបានសព្វមុនពេលអាំង អាចជួយកាត់បន្ថយសារធាតុបង្កមហារីកបានរហូតដល់ ៩០% ព្រោះស្រទាប់ទឹកជ្រលក់នឹងដើរតួជាខែលការពារមិនឱ្យកម្ដៅប៉ះសាច់ផ្ទាល់ដែលបង្កជាប្រតិកម្មគីមី។ ក្រៅពីនេះ ការប្រើក្រដាសអាលុយមីញ៉ូម ទ្រាប់ពីក្រោមសាច់ និងការឧស្សាហ៍ប្រែសាច់ឱ្យបានញឹកញាប់ដើម្បីកុំឱ្យខ្លោច ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់សារធាតុពុល។
វិធីសាស្ត្រសុវត្ថិភាពបន្ថែមទៀតគឺ លោកអ្នកអាចយកសាច់ទៅចម្អិនឱ្យឆ្អិនល្មមជាមុនសិន មុននឹងយកទៅអាំង ដើម្បីកាត់បន្ថយរយៈពេលដែលសាច់ត្រូវប៉ះជាមួយភ្លើងផ្ទាល់។ ការចៀសវាងកុំឱ្យសាច់ខ្លោច និងការជ្រើសរើសការអាំងដោយប្រើកម្ដៅល្មម នឹងជួយឱ្យលោកអ្នកទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ និងសុខភាពល្អក្នុងពេលតែមួយ៕