យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សជាច្រើនយល់ថា ការរំលងអាហារពេលព្រឹកគឺជាវិធីងាយបំផុតក្នុងការកាត់បន្ថយកាឡូរីដើម្បីសម្រកទម្ងន់។ ប៉ុន្តែ តាមការសិក្សាផ្នែកវិទ្យាសាស្ត្រ អាហាររូបត្ថម្ភ ការអត់បាយព្រឹកដោយគ្មានបច្ចេកទេសត្រឹមត្រូវ មិនត្រឹមតែមិនជួយឱ្យស្រកគីឡូប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចធ្វើឱ្យអ្នក “ធាត់ជាងមុន” និងប៉ះពាល់ដល់សុខភាពជារួមទៀតផង។
នៅពេលអ្នកអត់អាហារពេលព្រឹក រាងកាយនឹងយល់ថាវាស្ថិតក្នុងស្ថានភាព “ខ្វះខាតថាមពល” ដែលនាំឱ្យប្រព័ន្ធដុតរំលាយអាហារ ដំណើរការយឺតចុះដើម្បីសន្សំសំចៃកម្លាំង។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺ អ័រម៉ូនឃ្លាន នឹងកើនឡើងខ្ពស់ខ្លាំងនៅពេលថ្ងៃត្រង់ ដែលធ្វើឱ្យអ្នកញ៉ាំអាហារក្នុងបរិមាណច្រើនលើសលប់ដោយមិនដឹងខ្លួន និងជ្រើសរើសតែអាហារដែលមានជាតិស្ករ ឬខ្លាញ់ខ្ពស់ដើម្បីបំពេញភាពស្រេកឃ្លានភ្លាមៗ។ លើសពីនេះ ការអត់បាយព្រឹកធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមចុះទាប ដែលប៉ះពាល់ដល់សមត្ថភាពខួរក្បាល ធ្វើឱ្យអ្នកមានអារម្មណ៍ងងុយដេក ឆាប់ខឹង និងខ្វះការផ្ដោតអារម្មណ៍លើការងារ។
ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ប្រើវិធីសាស្ត្រមិនញ៉ាំព្រឹកដើម្បីសម្រកទម្ងន់ លោកអ្នកត្រូវអនុវត្តតាមរូបមន្ត Intermittent Fasting (IF) ជាវិធីសាស្ត្រ ជាដើម។ នេះមានន័យថា អ្នកមិនមែនគ្រាន់តែ “អត់បាយ” នោះទេ ប៉ុន្តែវាគឺជាការកំណត់ពេលវេលាញ៉ាំឱ្យបានច្បាស់លាស់ ដើម្បីឱ្យរាងកាយមានពេលគ្រប់គ្រាន់ក្នុងការទាញយកខ្លាញ់ចាស់ៗមកដុតជាថាមពល។
ដើម្បីសម្រកទម្ងន់ដោយសុវត្ថិភាព និងមានរាងស្លីមស្អាត លោកអ្នកគួរផ្ដោតលើការញ៉ាំអាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ ដែលជួយឱ្យអ្នកឆ្អែតបានយូរ និងរក្សាតុល្យភាពថាមពលបានពេញមួយថ្ងៃ៕