យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការចំណាយប្រាក់រាប់ពាន់ដុល្លារលើសំបុត្រយន្តហោះថ្នាក់ដំបូង មើលទៅហាក់ដូចជាការខ្ជះខ្ជាយសម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់អ្នកមានគំនិតវិនិយោគលើខ្លួនឯង វាមិនមែនគ្រាន់តែជាការជិះយន្តហោះនោះទេ តែវាគឺជា “ការទិញយកបទពិសោធ និងផ្នត់គំនិតថ្មី”។ ការហោះហើរថ្នាក់ខ្ពស់យ៉ាងហោចណាស់ម្ដងក្នុងជីវិត នឹងផ្លាស់ប្តូររបៀបដែលអ្នកមើលឃើញពិភពលោក និងជួយជំរុញឱ្យអ្នកចង់សម្រេចគោលដៅធំៗជាងមុន។
មូលហេតុចម្បងមួយគឺ ការផ្លាស់ប្តូរបរិយាកាស និងការបង្កើនតម្លៃខ្លួនឯង។ នៅពេលអ្នកស្ថិតក្នុងបរិយាកាសដែលផ្ដល់នូវសេវាកម្មល្អឥតខ្ចោះ និងភាពងាយស្រួលបំផុត ខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមសម្របខ្លួនទៅនឹងស្តង់ដាថ្មី។ អ្នកនឹងលែងមានអារម្មណ៍ថា “ខ្លួនឯងមិនស័ក្តិសមនឹងរបស់ល្អ” ហើយចាប់ផ្ដើមជឿជាក់ថា អ្នកពិតជាមានសមត្ថភាពអាចរកប្រាក់ដើម្បីទ្រទ្រង់ជីវិតបែបនេះបាន។ ការផ្លាស់ប្តូរអារម្មណ៍ពីខាងក្នុងនេះហើយ ដែលជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុតក្នុងការជំរុញឱ្យអ្នកខិតខំធ្វើការ និងរកស៊ីឱ្យកាន់តែជោគជ័យ។
ក្រៅពីនេះ គឺ ឱកាសនៃការរាប់អានមនុស្សកម្រិតខ្ពស់ (Networking)។ ជាទូទៅ មនុស្សដែលអង្គុយនៅថ្នាក់ដំបូង ឬថ្នាក់អាជីវកម្ម ភាគច្រើនគឺជាម្ចាស់អាជីវកម្ម អ្នកវិនិយោគ ឬអ្នកដឹកនាំកំពូលៗ។ ការបានស្ថិតក្នុងចំណោមមនុស្សទាំងនេះ មិនត្រឹមតែផ្ដល់ឱ្យអ្នកនូវឱកាសក្នុងការស្ដាប់ឮពីរបៀបដែលពួកគេជជែកគ្នា ឬមើលឃើញពីទម្លាប់រស់នៅរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាស្ពាននៃការរាប់អានដែលនាំមកនូវឱកាសអាជីវកម្មមិនគួរឱ្យជឿ។
ការវិនិយោគលើបទពិសោធបែបនេះ គឺជាការបើកទ្វារឱ្យខ្លួនឯងចេញពី “តំបន់សុខស្រួល” ដើម្បីទៅកាន់ពិភពនៃលទ្ធភាពដែលមិនចេះរីងស្ងួត៕