យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរក្សាសាច់ឱ្យនៅស្រស់ និងមានសារធាតុចិញ្ចឹមពេញលេញ មិនមែនត្រឹមតែជាការទម្លាក់ចូលទូទឹកកកភ្លាមៗក្រោយពេលទិញនោះទេ។
ជំហានដំបូងដ៏សំខាន់គឺការលាងសម្អាតសាច់ឱ្យស្អាតជាមួយទឹក រួចទុកឱ្យសម្រក់ទឹកឱ្យស្ងួត បន្ទាប់មកត្រូវបែងចែកសាច់ជាចំណែកតូចៗតាមតម្រូវការប្រើប្រាស់ក្នុងមួយពេលៗ រួចដាក់ក្នុងប្រអប់ដែលមានគ្របជិត ឬថង់ស៊ីប។ វិធីសាស្ត្រនេះមិនត្រឹមតែជួយរក្សាឱជារសសាច់បានយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារការសាយភាយក្លិន និងការចម្លងមេរោគទៅកាន់អាហារផ្សេងទៀតនៅក្នុងទូទឹកកកផងដែរ។ ការបិទស្លាកកាលបរិច្ឆេទលើប្រអប់នីមួយៗ ក៏ជាចំណុចចាំបាច់ដើម្បីឱ្យលោកអ្នកអាចគ្រប់គ្រងភាពស្រស់របស់អាហារបានយ៉ាងច្បាស់លាស់។
ចំពោះកម្រិតសីតុណ្ហភាពដែលល្អបំផុតសម្រាប់ការរក្សាទុកគឺ 4°C សម្រាប់ថតត្រជាក់ធម្មតា និងក្រោម -18°C សម្រាប់ថតកក។ ជាទូទៅ សាច់ជ្រូក គោ និងពពែ អាចរក្សាក្នុងថតធម្មតាបានពី ៣ ទៅ ៥ ថ្ងៃ ចំណែកសាច់បក្សីគួររក្សាទុកត្រឹម ១ ទៅ ២ ថ្ងៃប៉ុណ្ណោះ។ ដោយឡែកសម្រាប់ត្រី និងគ្រឿងសមុទ្រ លោកអ្នកគួរប្រើប្រាស់ក្នុងរយៈពេល ២៤ ម៉ោង ប្រសិនបើដាក់ក្នុងថតត្រជាក់ធម្មតា។ នៅពេលយកសាច់ចេញពីទូទឹកកក លោកអ្នកគួរយកមកចម្អិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះបាក់តេរីអាចលូតលាស់យ៉ាងលឿននៅសីតុណ្ហភាពធម្មតា។
លើសពីនេះ ការរក្សាសាច់ឆៅឱ្យនៅដាច់ដោយឡែកពីសាច់ឆ្អិន គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុតដើម្បីបង្ការការចម្លងរោគ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕