យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជម្លោះក្នុងទំនាក់ទំនងភាគច្រើនកើតចេញពីការប្រើពាក្យសម្ដីមិនត្រឹមត្រូវ ដែលធ្វើឱ្យដៃគូមានអារម្មណ៍មិនសុវត្ថិភាព។ ការប្រើប្រាស់ឃ្លាដែលផ្ដោតលើការយោគយល់ គឺជា “កាវ” ដ៏ស្អិតល្មួតសម្រាប់បុរសក្នុងការប្រែក្លាយស្ថានភាពតានតឹង មកជាការបើកចិត្ត និងពង្រឹងចំណងស្នេហ៍ឱ្យកាន់តែរឹងមាំលើសពីអ្វីដែលអ្នកគិត។
ឃ្លាដែលបុរសគួរប្រើរួមមានការទទួលស្គាល់អារម្មណ៍តាមរយៈពាក្យ “ខ្ញុំសុំទោសដែលធ្វើឱ្យអ្នកមានអារម្មណ៍បែបនោះ” និងការផ្ដល់ការយោគយល់តាមរយៈការនិយាយថា “ខ្ញុំយល់ពីភាពតានតឹងរបស់អ្នក” ដើម្បីឱ្យនាងមានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់។ បន្ថែមពីនេះ ការប្រើពាក្យ “យើង” ក្នុងឃ្លា “តើយើងអាចដោះស្រាយបញ្ហានេះជាមួយគ្នាដោយរបៀបណា?” នឹងផ្លាស់ប្តូរការស្ដីបន្ទោសមកជាការសហការជាក្រុម។ ការផ្ដល់ការយកចិត្តទុកដាក់ទាំងស្រុងដោយនិយាយថា “ខ្ញុំស្ដាប់អ្នកទាំងស្រុង” និងការសួរបញ្ជាក់ថា “តើអ្នកចង់ឱ្យខ្ញុំជួយដោះស្រាយ ឬគ្រាន់តែចង់ឱ្យខ្ញុំស្ដាប់?” គឺជាគន្លឹះដោះស្រាយតម្រូវការផ្លូវចិត្តបានចំគោលដៅបំផុត។
ក្រៅពីការដោះស្រាយជម្លោះ ការការពារមិនឱ្យមានរឿងទាស់ទែងក៏ជារឿងសំខាន់ ដោយបុរសអាចប្រើឃ្លា “ខ្ញុំដឹងថាវាមិនមែនជាកំហុសអ្នកទេ ប៉ុន្តែវាធ្វើឱ្យខ្ញុំបារម្ភ” ដើម្បីបង្ហាញអារម្មណ៍ដោយមិនបង្កឱ្យដៃគូចង់ការពារខ្លួន។ ជាចុងក្រោយ ការប្រើឃ្លា “ខ្ញុំពិតជាកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នក” ក្នុងជីវិតប្រចាំថ្ងៃ គឺជាថ្នាំបង្ការជម្លោះដ៏មានប្រសិទ្ធភាពបំផុតដែលធ្វើឱ្យដៃគូមានអារម្មណ៍ថាមានតម្លៃ និងចង់បន្តកសាងស្នេហាឱ្យកាន់តែផ្អែមល្ហែមយូរអង្វែង៕