យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរំលងអាហារពេលព្រឹកដោយសារភាពមមាញឹក ឬដើម្បីសម្រកទម្ងន់ គឺជាការយល់ច្រឡំដ៏គ្រោះថ្នាក់។ អ្នកជំនាញអាហារូបត្ថម្ភបានបញ្ជាក់ថា អាហារពេលព្រឹកគឺជាប្រភពថាមពលដ៏សំខាន់បំផុតសម្រាប់រាងកាយ និងខួរក្បាល។
គ្រោះថ្នាក់ដំបូងគឺ ការធ្លាក់ចុះថាមពល និងការចងចាំ ព្រោះខួរក្បាលខ្វះជាតិស្ករដើម្បីដំណើរការ ធ្វើឱ្យរាងកាយអស់កម្លាំង និងមិនអាចផ្ដោតអារម្មណ៍បាន។ ផ្ទុយពីការយល់ឃើញថាជួយសម្រកទម្ងន់ ការរំលងអាហារពេលព្រឹកបែរជាបង្កឱ្យមាន ជំងឺធាត់ ទៅវិញ ព្រោះវានឹងជំរុញឱ្យអ្នកញ៉ាំអាហារពេលថ្ងៃ និងពេលល្ងាចកាន់តែច្រើនលើសកម្រិត។
ក្រៅពីនេះ វាក៏បង្កើនហានិភ័យ ជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែមប្រភេទទី២ ដោយសាររាងកាយឡើងអាំងស៊ុយលីនស៊ាំ និងបង្កើនការរលាកក្នុងរាងកាយ។ បញ្ហាធ្ងន់ធ្ងរមួយទៀតគឺ ដំបៅក្រពះ និងមហារីកផ្លូវអាហារ ព្រោះអាស៊ីតក្រពះនៅតែបន្តផលិតតែគ្មានអាហារសម្រាប់រំលាយ ដែលវានឹងទៅបំផ្លាញស្រទាប់ក្រពះផ្ទាល់តែម្ដង។ ជាចុងក្រោយ វាក៏ជាមូលហេតុចម្បងនៃ ក្រួសក្នុងប្រមាត់ ដោយសារទឹកប្រមាត់មិនត្រូវបានបញ្ចេញមកក្រៅដើម្បីរំលាយអាហារ ធ្វើឱ្យវាកកកុញ និងឡើងក្រាមក្លាយជាក្រួស។
ដើម្បីសុខភាពល្អ លោកអ្នកគួរទទួលទានអាហារពេលព្រឹកដែលតុល្យភាព ដោយមានជាតិប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ល្អ និងវីតាមីនពីបន្លែផ្លែឈើឱ្យបានទៀងទាត់៕