យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ដំឡូងជ្វាគឺជាកំពូលអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែពណ៌ខុសគ្នាផ្ដល់នូវអត្ថប្រយោជន៍ និងរសជាតិខុសៗគ្នា ដែលលោកអ្នកគួរយល់ដឹងដើម្បីជ្រើសរើសឱ្យត្រូវតាមគោលដៅសុខភាព។
ដំឡូងជ្វាពណ៌ស្វាយត្រូវបានចាត់ទុកជាជើងឯកផ្នែកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយពន្យារភាពចាស់ ការពារសរសៃឈាមបេះដូង និងកាត់បន្ថយការរលាកក្នុងរាងកាយ។ ដោយសារវាមានសន្ទស្សន៍គ្លីសេមិចទាប វាមិនធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់គំហុកឡើយ ដែលស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ អ្នកចង់គ្រប់គ្រងទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម ទោះបីជាសាច់របស់វាមានសភាពស្ងួតបន្តិច និងមានតម្លៃថ្លៃជាងពណ៌ដទៃក៏ដោយ។
ដោយឡែក ដំឡូងជ្វាពណ៌ទឹកក្រូចវិញ គឺជាប្រភពដ៏សម្បូរបែបនៃបេតា-ការ៉ូទីន ដែលរាងកាយនឹងបំប្លែងទៅជាវីតាមីន A ដើម្បីជួយបំប៉នភ្នែកឱ្យភ្លឺច្បាស់ ថែរក្សាស្បែកឱ្យស្រស់ថ្លា និងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ។ វាមានរសជាតិផ្អែមពីធម្មជាតិ និងសាច់ទន់ល្មើយដែលងាយស្រួលសម្រាប់កុមារទទួលទាន ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមគួរប្រុងប្រយ័ត្នបរិមាណក្នុងការញ៉ាំ ព្រោះវាមានកម្រិតជាតិស្ករខ្ពស់ជាងពណ៌ស្វាយ។
ចំណែកឯដំឡូងជ្វាពណ៌លឿង គឺជាប្រភពថាមពលដ៏ល្អពីកាបូអ៊ីដ្រាតស្មុគស្មាញ និងជាតិសរសៃដែលជួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ។ វាមានតម្លៃសមរម្យ ងាយស្រួលរកទិញ និងស័ក្តិសមបំផុតសម្រាប់ចម្អិនជាមុខម្ហូបទូទៅក្នុងគ្រួសារ ឬសម្រាប់អ្នកដែលត្រូវការកម្លាំងខ្លាំងក្នុងការបំពេញការងារប្រចាំថ្ងៃ។
ជារួម ដើម្បីទទួលបានសុខភាពល្អបំផុត លោកអ្នកគួរជ្រើសរើសពណ៌ដំឡូងជ្វាតាមតម្រូវការរាងកាយ និងជ្រើសរើសវិធីចម្អិនតាមរយៈការស្ងោរ ចំហុយ ឬអាំង ដោយជៀសវាងការបន្ថែមជាតិស្ករ ឬការចៀនក្នុងប្រេងច្រើន៕