យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសស្បូនគឺជាសរីរាង្គដ៏សំខាន់ និងងាយរងគ្រោះបំផុតចំពោះរបបអាហារប្រចាំថ្ងៃ ដែលស្ត្រីជាច្រើនតែងតែមើលរំលងរហូតដល់មានសញ្ញាព្រមានដូចជាការឈឺចាប់ពេលមករដូវខ្លាំង ឬការហូរទឹករំអិលខុសប្រក្រតី។
ការទទួលទានរបស់ត្រជាក់ និងទឹកកកក្នុងអំឡុងពេលមករដូវ គឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យសរសៃឈាមរួមតូច រារាំងលំហូរឈាមរដូវឱ្យកកស្ទះក្លាយជាកំណកឈាមខ្មៅ និងធ្វើឱ្យស្បូនត្រូវកន្ត្រាក់ខ្លាំងជាងធម្មតាដើម្បីបញ្ចេញឈាមចាស់ៗចោល។ បន្ថែមពីនេះ ជាតិស្ករ និងបង្អែមដែលលោកអ្នកចូលចិត្ត គឺជា “ឥន្ធនៈនៃការរលាក” ដែលជំរុញឱ្យរាងកាយបញ្ចេញអាំងស៊ុយលីនច្រើនពេក រហូតបង្កជាការរលាករ៉ាំរ៉ៃដល់ស្រទាប់ស្បូន និងផ្ដល់អាហារដល់បាក់តេរីអាក្រក់ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគទ្វារមាស។
ក្រៅពីជាតិស្ករ អាហារផ្អាប់ និងអាហារដែលមានជាតិប្រៃខ្លាំង (សូដ្យូមខ្ពស់) ក៏ជះឥទ្ធិពលអវិជ្ជមានដោយការរំខានដល់តុល្យភាព pH ក្នុងទ្វារមាស បណ្ដាលឱ្យមានការហូរទឹករំអិលច្រើន និងមានក្លិនមិនល្អ។ ចំពោះការទទួលទានម្សៅស និងនំដុតក្នុងបរិមាណច្រើន វានឹងបំប្លែងទៅជាជាតិស្ករយ៉ាងរហ័សក្នុងឈាម ដែលជាដើមហេតុនាំឱ្យកើតជំងឺ PCOS (រោគសញ្ញាអូវែរប៉ូលីស៊ីស្ទីក) បង្កជាបញ្ហារដូវមិនទៀងទាត់ និងអតុល្យភាពអ័រម៉ូនធ្ងន់ធ្ងរ។
ជាចុងក្រោយ ការទទួលទានកាហ្វេអ៊ីនច្រើនហួសប្រមាណនឹងទៅបង្កើនអ័រម៉ូនស្ត្រេស Cortisol ដែលរារាំងការផលិតអ័រម៉ូនសម្រាប់វដ្តរដូវ ធ្វើឱ្យស្បូនកាន់តែងាយកន្ត្រាក់ឈឺចាប់ និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជទាំងមូលក្នុងរយៈពេលវែង៕