យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រកទម្ងន់ខុសបច្ចេកទេស ដូចជាការបង្អត់អាហារ ឬប្រើថ្នាំសម្រកទម្ងន់ ជារឿយៗបណ្ដាលឱ្យប្រព័ន្ធរំលាយអាហារក្នុងរាងកាយចុះខ្សោយ ដែលនាំឱ្យកើតមានបញ្ហាយូយ៉ូ ពោលគឺទម្ងន់ឡើងមកវិញលឿនជាងមុន និងពិបាកសម្រកម្ដងទៀត។
ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកត្រូវការ កំណត់ប្រព័ន្ធដុតបំផ្លាញថាមពលឡើងវិញតាមរយៈការញ៉ាំឱ្យបានត្រឹមត្រូវ។
ជំហានដំបូងគឺ ឈប់រំលងអាហារ។ ការបង្អត់អាហារធ្វើឱ្យរាងកាយចូលក្នុង “របៀបសន្សំសំចៃ” និងស្ដុកជាតិខ្លាញ់កាន់តែច្រើន។ លោកអ្នកត្រូវញ៉ាំឱ្យបាន ៣ ពេលទៀងទាត់ ជាពិសេសអាហារពេលព្រឹក ដើម្បីផ្ដល់សញ្ញាដល់រាងកាយថាមានថាមពលគ្រប់គ្រាន់។ បន្ទាប់មក ត្រូវ បង្កើនប្រូតេអ៊ីន ដូចជាសាច់ទ្រូងមាន់ ត្រី ឬស៊ុត ព្រោះរាងកាយត្រូវការប្រើថាមពលដុតបំផ្លាញច្រើនក្នុងការរំលាយប្រូតេអ៊ីន ដែលជួយឱ្យការរំលាយអាហារដើរលឿនជាងមុន។
ក្រៅពីនេះ លោកអ្នកមិនត្រូវកាត់ផ្ដាច់កាបូអ៊ីដ្រាតទាំងស្រុងឡើយ ប៉ុន្តែត្រូវ ជ្រើសរើសកាបូអ៊ីដ្រាត ដូចជាអង្ករសម្រូប ឬដំឡូងជ្វា ដែលផ្ដល់ថាមពលយឺតៗ និងរក្សាស្ថិរភាពជាតិស្ករក្នុងឈាម។ ការបន្ថែម ជាតិខ្លាញ់ល្អ ពីផ្លែបឺរ ឬគ្រាប់ធញ្ញជាតិ ក៏ជួយសម្រួលដល់តុល្យភាពអរម៉ូនដែលធ្លាប់រងការខូចខាតផងដែរ។ ចុងក្រោយ ការ ផឹកទឹកឱ្យបាន ២-៣ លីត្រ ក្នុងមួយថ្ងៃ គឺជាមធ្យោបាយដ៏សាមញ្ញបំផុតក្នុងការជំរុញចលនារំលាយអាហារ។ ការផឹកទឹកត្រជាក់ឆ្លាស់គ្នា ក៏ជួយឱ្យរាងកាយដុតកាឡូរីបន្ថែមដើម្បីរក្សាសីតុណ្ហភាពស្នូលឱ្យនៅថេរ។
ការស្តារការរំលាយអាហារឡើងវិញទាមទារពេលវេលា និងភាពអត់ធ្មត់។ ការញ៉ាំដែលប្រកបដោយតុល្យភាព និងវិន័យ នឹងជួយឱ្យរាងកាយរបស់អ្នកវិលមករកស្ថានភាពដុតបំផ្លាញថាមពលបានល្អប្រសើរវិញ នាំឱ្យអ្នកមានរាងកាយមាំមួន និងមានសុខភាពល្អយូរអង្វែង៕