យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ហេតុអ្វីបានជាការកក់សក់នៅហាងអាចរក្សាភាពស្រស់ស្អាតបានយូរ ខណៈការកក់នៅផ្ទះត្រឹមតែមួយថ្ងៃក៏ចាប់ផ្តើមឡើងជាតិប្រេង និងស្អិតរមាស់? ចម្លើយពិតប្រាកដមិនមែនស្ថិតលើប្រភេទសាប៊ូកក់សក់ថ្លៃៗនោះទេ ប៉ុន្តែវាគឺជាបច្ចេកទេសនៃការសម្អាតដែលមនុស្សភាគច្រើនតែងតែមើលរំលង។
អាថ៌កំបាំងដំបូងគេគឺ “ច្បាប់កក់សក់ ២ ជុំ” ដែលជាបច្ចេកទេសស្នូលរបស់ជាងជំនាញ។ ការកក់ជុំទីមួយមានតួនាទីត្រឹមតែលាងជម្រះធូលីដី និងជាតិប្រេងដែលនៅស្រទាប់ខាងក្រៅសក់ប៉ុណ្ណោះ ប៉ុន្តែការកក់ជុំទីពីរទើបជាការសម្អាតយ៉ាងស៊ីជម្រៅដល់ស្បែកក្បាល ដើម្បីជម្រះជាតិខ្លាញ់ដែលកកស្ទះតាមរន្ធញើស។ បន្ថែមពីនេះ ការប្រើប្រាស់ “ចុងម្រាមដៃ” ដើម្បីម៉ាស្សាថ្នមៗជំនួសឱ្យការប្រើក្រចកកោសខ្លាំងៗ គឺជាគន្លឹះសំខាន់ដែលជួយកាត់បន្ថយការផលិតជាតិប្រេងលើសកម្រិត និងការពារស្បែកក្បាលពីការរលាក។
ល្បិចចុងក្រោយដែលជួយឱ្យសក់ស្អាតបានដល់ទៅ ៤-៥ ថ្ងៃ គឺបច្ចេកទេស “ម៉ាស់ពពុះ”។ បន្ទាប់ពីកក់សក់ឱ្យឡើងពពុះសព្វក្នុងជុំទីពីរ លោកអ្នកគួរទុកពពុះនោះចោលលើក្បាល រួចកៀបសក់ឡើងលើទុកប្រហែល ៣ ទៅ ៥ នាទី ក្នុងអំឡុងពេលដែលអ្នកបន្តដុសសាប៊ូដងខ្លួន ឬលាងមុខ។
ការទុកពេលវេលាឱ្យសាប៊ូធ្វើការបែបនេះ នឹងជួយរំលាយជាតិខ្លាញ់កកបានយ៉ាងល្អឥតខ្ចោះ ធ្វើឱ្យស្បែកក្បាលស្អាតស្រាល និងផ្ដល់លទ្ធផលទន់រលោងដូចមានជាងអាជីពមកកក់ឱ្យដល់ផ្ទះដូច្នោះដែរ៕