យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងយុគសម័យឌីជីថលដែលយើងត្រូវសម្លឹងអេក្រង់ស្ទើរតែ ២៤ ម៉ោង ភ្នែកដែលជា “បង្អួចនៃព្រលឹង” កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង។ បញ្ហាភ្នែកស្ងួត និងជំងឺភ្នែកឡើងបាយដែលធ្លាប់កើតមានតែលើមនុស្សចាស់ បែរជាមកយាយីយុវវ័យមុនអាយុដោយសាររបៀបរស់នៅមិនសមស្រប។
ដើម្បីរក្សាភ្នែកឱ្យភ្លឺថ្លា និងមានសុខភាពល្អ លោកអ្នកគួរអនុវត្តតាមគន្លឹះងាយៗ និងមានប្រសិទ្ធភាពដូចខាងក្រោម៖
អាវុធដំបូងគេគឺ “ច្បាប់ ២០-២០-២០” ដោយរៀងរាល់ ២០ នាទីនៃការធ្វើការ ចូរងាកចេញពីអេក្រង់ទៅសម្លឹងមើលវត្ថុអ្វីមួយដែលនៅឆ្ងាយចម្ងាយ ២០ ហ្វីត រយៈពេល ២០ វិនាទី ដើម្បីកាត់បន្ថយភាពតានតឹងភ្នែក។ ការ កែតម្រូវពន្លឺអេក្រង់ ឱ្យសមស្រប និងប្រើរបៀបចម្រោះពន្លឺពណ៌ខៀវ ក៏ជារឿងចាំបាច់ដើម្បីការពាររីទីណា។ ក្រៅពីការងារក្នុងម្លប់ ការការពារភ្នែកពីកម្ដៅថ្ងៃដោយ ពាក់វ៉ែនតាការពារកាំរស្មីយូវី គឺជារឿងមិនអាចខ្វះបាន ព្រោះវាជួយកាត់បន្ថយការខូចកញ្ចក់ភ្នែកដែលជាដើមហេតុនៃជំងឺភ្នែកឡើងបាយ។
សម្រាប់ការថែទាំពីខាងក្នុង លោកអ្នកគួរ ទទួលទានអាហារដែលសម្បូរអូមេហ្គា ៣ និងបន្លែផ្លែឈើពណ៌ខៀវ-លឿងដែលមានសារធាតុ Lutein និង Zeaxanthin ដើម្បីផ្ដល់សំណើមដល់គ្រាប់ភ្នែក។ ការ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងការ ចៀសវាងកុំឱ្យខ្យល់ម៉ាស៊ីនត្រជាក់ផ្លុំចំមុខ ដោយផ្ទាល់ ក៏ជួយការពារទឹកភ្នែកកុំឱ្យឆាប់ស្ងួតខ្លាំងពេក។ ចុងក្រោយបំផុត ចូរធ្វើការ ពិនិត្យភ្នែកជាមួយគ្រូពេទ្យជំនាញយ៉ាងតិច ១ ដងក្នុងមួយឆ្នាំ ដើម្បីរកឃើញភាពមិនប្រក្រតីផ្សេងៗបានទាន់ពេលវេលា។
ការយកចិត្តទុកដាក់បន្តិចបន្តួចជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកមានភ្នែកស្អាត ភ្លឺស្រស់ថ្លា និងជៀសផុតពីជំងឺភ្នែករ៉ាំរ៉ៃបានយ៉ាងយូរអង្វែង៕