យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការញ៉ាំអាហារពេលយប់ជ្រៅ ជារឿយៗត្រូវបានគេចាត់ទុកថាជាទម្លាប់មិនល្អ ប៉ុន្តែការជ្រើសរើស “យ៉ាអួ” មកធ្វើជាអាហារសម្រន់ គឺជាករណីលើកលែងដ៏អស្ចារ្យ។ យ៉ាអួមិនត្រឹមតែជួយបំបាត់ភាពស្រេកឃ្លានដោយមិនបង្កឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដើរតួជា “ឱសថធម្មជាតិ” ដែលជួយជួសជុល និងថែទាំរាងកាយរបស់អ្នកក្នុងអំឡុងពេលសម្រាកទៀតផង។
អត្ថប្រយោជន៍ដំបូងគេគឺ ជួយឱ្យគេងលក់ស្កប់ស្កល់។ យ៉ាអួសម្បូរទៅដោយអាស៊ីតអាមីណូ Tryptophan ដែលជួយឱ្យរាងកាយផលិតអ័រម៉ូនសេរ៉ូតូនីន និងមេឡាតូនីន ដែលជាភ្នាក់ងារជួយឱ្យខួរក្បាលសម្រាក និងគេងលក់បានលឿន។ ទីពីរគឺ ជំនួយដល់ប្រព័ន្ធរំលាយអាហារ។ បាក់តេរីល្អ ឬប្រូបាយអូទិក នៅក្នុងយ៉ាអួ នឹងជួយសម្រួលដល់ដំណើរការនៃពោះវៀនពេញមួយយប់ កាត់បន្ថយការហើមពោះ និងជួយឱ្យការបញ្ចេញចោលនៅព្រឹកបន្ទាប់កាន់តែមានភាពងាយស្រួល។
អត្ថប្រយោជន៍ទីបីគឺ ជួយរក្សាម៉ាសសាច់ដុំ។ ជាតិប្រូតេអ៊ីន Casein នៅក្នុងយ៉ាអួ ត្រូវបានរាងកាយបឺតស្រូបយឺតៗ ដែលវាផ្ដល់នូវជាតិអាស៊ីតអាមីណូជាប់ជានិច្ចដើម្បីជួសជុលសាច់ដុំក្នុងពេលអ្នកកំពុងគេង។ ជាចុងក្រោយគឺ ការគ្រប់គ្រងទម្ងន់។
ការញ៉ាំយ៉ាអួដែលមានជាតិស្ករទាប ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងកាត់បន្ថយការចង់ញ៉ាំអាហារដែលមានកាឡូរីខ្ពស់ផ្សេងទៀតនៅពេលយប់។ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត លោកអ្នកគួរជ្រើសរើសយ៉ាអួធម្មជាតិ ដែលមិនមានបន្ថែមជាតិស្ករ ឬសារធាតុរក្សាទុកយូរ៕