យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការស្រាវជ្រាវវេជ្ជសាស្ត្ររយៈពេលវែងបានរកឃើញថា បុរសដែលបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ ដងក្នុងមួយខែ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ ២០% បើធៀបនឹងបុរសដែលបញ្ចេញទឹកកាមតិចតួច។ អ្នកជំនាញជឿថា សកម្មភាពនេះប្រៀបដូចជាការ “លាងសម្អាត” ក្រពេញប្រូស្តាត ដោយជួយជម្រះចោលនូវសារធាតុបង្កគ្រោះថ្នាក់ដែលកកកុញក្នុងទឹកកាម។
ក្រៅពីចំនួនដងនៃការបញ្ចេញទឹកកាម បុរសគ្រប់រូបគួរយកចិត្តទុកដាក់លើសញ្ញាព្រមានសំខាន់ៗដូចជា ការនោមញឹកញាប់នៅពេលយប់ ពិបាកនោម ឬមានឈាមក្នុងទឹកនោម និងទឹកកាម។ ប្រសិនបើមានរោគសញ្ញាទាំងនេះ លោកអ្នកគួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យឯកទេសភ្លាមៗ។
ដើម្បីការពារឱ្យកាន់តែមានប្រសិទ្ធភាព បុរសគួរងាកមកទទួលទានអាហារដែលមានសុខភាពល្អ ជាពិសេស ប៉េងប៉ោះ ដែលសម្បូរជាតិ Lycopene និងត្រូវទៅពិនិត្យសុខភាពក្រពេញប្រូស្តាតឱ្យបានទៀងទាត់តាមការណែនាំរបស់អ្នកជំនាញ។