គ្រួសក្នុងតម្រងនោម មិនត្រឹមតែបង្កការឈឺចាប់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើទុកចោលមិនព្យាបាលឱ្យបានត្រឹមត្រូវ វាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាផលលំបាកចម្បងៗដែលអ្នកជំងឺគ្រួសក្នុងតម្រងនោមតែងជួបប្រទះ៖
១. ការឈឺចាប់ខ្លាំងក្លា
–ការឈឺចាប់ភ្លាមៗ៖ អ្នកជំងឺច្រើនតែមានអារម្មណ៍ឈឺចុកចាប់ខ្លាំងនៅផ្នែកចង្កេះខាងក្រោយ ឬចំហៀងខ្នង ដែលអាចរាលដាលចុះមកផ្នែកខាងក្រោមពោះ ឬក្រលៀន។
–ការឈឺចាប់ជារលក៖ ការឈឺចាប់នេះជួនកាលខ្លាំង ជួនកាលថយចុះ អាស្រ័យលើការប្រែប្រួលទីតាំងរបស់គ្រួសនៅតាមបំពង់បង្ហូរនោម។
២. បញ្ហាប្រព័ន្ធបង្ហូរនោម
–ការនោមមានឈាម (Hematuria)៖ នៅពេលគ្រួសមានមុខស្រួច ឬដុសខាត់ជាមួយជញ្ជាំងតម្រងនោម និងបំពង់បង្ហូរនោម វានឹងធ្វើឱ្យមានរបួស និងមានឈាមលាយជាមួយទឹកនោម (ទឹកនោមមានពណ៌ផ្កាឈូក ក្រហម ឬក្រមៅ)។
–ការនោមទាស់ ឬឈឺនោមញឹក៖ បើគ្រួសធ្លាក់មកបាំងផ្លូវនោម វានឹងធ្វើឱ្យអ្នកជំងឺពិបាកនោម នោមមិនអស់ ឬឈឺផ្សានៅពេលនោម។
៣. ការឆ្លងរោគ និងការរលាក (Infections)
-គ្រួសក្នុងតម្រងនោមបង្កើនហានិភ័យនៃការឆ្លងមេរោគក្នុងផ្លូវទឹកនោម (UTI)។ អ្នកជំងឺអាចមានអាការៈ គ្រុនក្ដៅ ញាក់ និងទឹកនោមមានក្លិនអាក្រក់ ឬមានខ្ទុះលាយឡំ។
៤. ការខូចខាតតម្រងនោម
–ការស្ទះផ្លូវទឹកនោម៖ បើគ្រួសមានទំហំធំ ហើយស្ទះជិតបំពង់បង្ហូរនោម វានឹងធ្វើឱ្យទឹកនោមច្រាលត្រឡប់ទៅតម្រងនោមវិញ បណ្ដាលឱ្យ តម្រងនោមហើម (Hydronephrosis)។
–ការខ្សោយតម្រងនោម៖ ប្រសិនបើការស្ទះនេះកើតឡើងយូរអង្វែង វានឹងធ្វើឱ្យកោសិកាតម្រងនោមងាប់ និងឈានទៅរកការខ្សោយតម្រងនោមរ៉ាំរ៉ៃ ដែលតម្រូវឱ្យមានការលាងឈាម។
៥. ផលប៉ះពាល់ដល់ការរស់នៅ និងសេដ្ឋកិច្ច
–បាត់បង់សមត្ថភាពការងារ៖ ការឈឺចាប់ខ្លាំងធ្វើឱ្យអ្នកជំងឺមិនអាចបំពេញការងារបានទៀងទាត់។
–ចំណាយលើការព្យាបាល៖ ការវះកាត់ ឬការបាញ់កម្ទេចគ្រួស តម្រូវឱ្យមានការចំណាយខ្ពស់ និងពេលវេលាក្នុងការសម្រាកព្យាបាល។