យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការធ្វើបាបខ្លួនឯងមិនមែនជាការទាមទារចំណាប់អារម្មណ៍ ឬជាទង្វើដែលគួរឱ្យខ្លាចខ្លាំងនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃការឈឺចាប់ក្នុងចិត្តយ៉ាងធ្ងន់ធ្ងរដែលបុគ្គលម្នាក់មិនអាចរកពាក្យសម្ដីមកបរិយាយបាន។ នៅពេលដែលសម្ពាធផ្លូវចិត្តមានកម្រិតខ្ពស់ពេក រាងកាយនឹងស្វែងរកវិធីសាស្ត្រដើម្បី “បង្វែរ” ការឈឺចាប់ក្នុងចិត្តឱ្យមកជាការឈឺចាប់លើរាងកាយវិញ ដើម្បីឱ្យពួកគេមានអារម្មណ៍ថាអាចគ្រប់គ្រងស្ថានភាពអ្វីមួយបាន ឬដើម្បីឱ្យមានអារម្មណ៍ថាខ្លួននៅមានជីវិត។
មូលហេតុដែលនាំឱ្យមនុស្សឈានដល់ដំណាក់កាលធ្វើបាបខ្លួនឯងមានច្រើនដូចជា៖ ជំងឺបាក់ទឹកចិត្ត, ការបាត់បង់មនុស្សជាទីស្រឡាញ់, ការទទួលរងការរំលោភបំពាន ឬសម្ពាធពីសង្គម និងគ្រួសារ។ អ្នកដែលស្ថិតក្នុងស្ថានភាពនេះ ភាគច្រើនមានអារម្មណ៍ថាខ្លួនឯងឯកោ គ្មានតម្លៃ និងគ្មានផ្លូវចេញ។ ពួកគេមិនបានចង់ស្លាប់នោះទេ ប៉ុន្តែពួកគេគ្រាន់តែចង់ឱ្យ “ការឈឺចាប់” ដែលកំពុងយាយីក្នុងចិត្តរលាយបាត់ទៅតែប៉ុណ្ណោះ។
ការផ្ដល់កម្លាំងចិត្ត និងការស្ដាប់ដោយការយល់ចិត្តពីមនុស្សជុំវិញខ្លួន គឺជា “ឱសថ” ដ៏មានតម្លៃបំផុតសម្រាប់ពួកគេ។ ការស្ដាប់ដោយមិនវិនិច្ឆ័យ ឬស្ដីបន្ទោស នឹងជួយឱ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការចែករំលែកទុក្ខលំបាក។ ប្រសិនបើលោកអ្នក ឬមនុស្សជុំវិញខ្លួនកំពុងជួបប្រទះបញ្ហានេះ ការស្វែងរកជំនួយពីអ្នកជំនាញសុខភាពផ្លូវចិត្ត ឬចិត្តវិទូ គឺជាជំហានដ៏ត្រឹមត្រូវបំផុតដើម្បីជួយស្ដារសន្តិភាពក្នុងចិត្ត និងស្វែងរកពន្លឺជីវិតជាថ្មី៕