យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការញ៉ាំបាយកក ឬបាយដែលទុកឱ្យត្រជាក់ រួចយកមកកម្ដៅញ៉ាំវិញ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ មនុស្សជាច្រើនជឿថា ការធ្វើបែបនេះអាចជួយកាត់បន្ថយកាឡូរី និងជាតិស្ករ ប៉ុន្តែតើវាមានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវកម្រិតណា ហើយវាពិតជាអាចជួយឱ្យអ្នកស្លីមស្អាតបានមែនឬទេ?
តាមពិតទៅ នៅពេលបាយត្រូវបានទុកឱ្យត្រជាក់ក្នុងទូទឹកកក (សីតុណ្ហភាពប្រហែល ៤°C) រយៈពេល ២៤ ម៉ោង វានឹងបង្កើតនូវសារធាតុម្យ៉ាងហៅថា ម្សៅធន់។ ម្សៅប្រភេទនេះមានលក្ខណៈពិសេសត្រង់ថា វាមិនត្រូវបានរំលាយដោយអង់ស៊ីមក្នុងពោះវៀនតូចនោះទេ ដែលមានន័យថា រាងកាយបឺតស្រូបយកកាឡូរីបានតិចជាងបាយដែលទើបដាំឆ្អិនថ្មីៗ។ លើសពីនេះ ម្សៅធន់ក៏ដើរតួជាអាហារសម្រាប់បាក់តេរីល្អក្នុងពោះវៀន និងជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមិនហក់ឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំ ដែលជាជំនួយដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកចង់គ្រប់គ្រងទម្ងន់។
ទោះជាយ៉ាងណា លោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពម្ហូបអាហារ។ បាយកកអាចជាប្រភពនៃបាក់តេរី Bacillus cereus ដែលបង្កឱ្យមានការពុលអាហារ ប្រសិនបើទុកចោលក្នុងសីតុណ្ហភាពធម្មតាយូរពេក ឬកម្ដៅមិនបានឆ្អិនល្អឡើងវិញ។
ដើម្បីទទួលបានអត្ថប្រយោជន៍ និងសុវត្ថិភាព លោកអ្នកគួរដាក់បាយចូលក្នុងទូទឹកកកឱ្យបានលឿនក្រោយពេលដាំឆ្អិន និងកម្ដៅឱ្យក្ដៅខ្លាំងមុននឹងញ៉ាំ។
ការយល់ដឹងពីបច្ចេកទេសញ៉ាំបាយកកនេះ គឺជាវិធីសាស្ត្រសាមញ្ញមួយដែលជួយឱ្យអ្នកបន្តញ៉ាំបាយបាន ដោយមិនបារម្ភខ្លាំងរឿងឡើងទម្ងន់៕