ការរលាកថ្លើម អាចបង្កឡើងដោយវីរុស (ប្រភេទ A, B, C, D, E) ការពិសាគ្រឿងស្រវឹងហួសកម្រិត ឬការប្រើប្រាស់ថ្នាំមួយចំនួន ។ រោគសញ្ញានៃការរលាកថ្លើមអាចមានភាពខុសប្លែកគ្នាទៅតាមដំណាក់កាល (ស្រួចស្រាវ ឬរ៉ាំរ៉ៃ) ប៉ុន្តែជារួមមានដូចជា៖
១. រោគសញ្ញាទូទៅដែលជួបញឹកញាប់
–អស់កម្លាំងខ្លាំង ៖ មានអារម្មណ៍ថាខ្សោយ និងអស់កម្លាំងខុសធម្មតា ទោះបីជាបានសម្រាកគ្រប់គ្រាន់ក៏ដោយ។
–ស្បែក និងគ្រាប់ភ្នែកឡើងពណ៌លឿង៖ នេះជារោគសញ្ញាច្បាស់បំផុត ដែលភាសាបច្ចេកទេសហៅថា (Jaundice)។
–ទឹកនោមមានពណ៌ក្រមៅ៖ ទឹកនោមមានពណ៌ដូចទឹកតែខាប់។
–លាមកមានពណ៌ស្លេក៖ លាមកបាត់បង់ពណ៌ធម្មជាតិ (ប្រែជាពណ៌ប្រផេះ ឬដូចដីឥដ្ឋ)។
២. រោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ
–បាត់បង់ចំណង់អាហារ៖ មិនឃ្លានបាយ ឬធំក្លិនអាហារហើយមានអារម្មណ៍ចង់ក្អួត។
–ចង្អោរ និងក្អួត៖ មានអារម្មណ៍មិនស្រួលក្នុងពោះជាប្រចាំ។
–ឈឺពោះ៖ ឈឺចាប់ ឬតឹងនៅផ្នែកខាងស្តាំខាងលើនៃពោះ (ចំទីតាំងថ្លើម នៅក្រោមឆ្អឹងជំនី)។
៣. រោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ
-មានអាការៈគ្រុនក្តៅស្ទិញៗ។
-ឈឺសន្លាក់ និងសាច់ដុំ។
-រមាស់ស្បែកដោយគ្មានមូលហេតុ។