អាការស្ពឹកដៃ និងជើង គឺជាសញ្ញាប្រាប់ថា ប្រព័ន្ធប្រសាទរបស់អ្នកកំពុងមានបញ្ហា ឬមានការរំខានដល់លំហូរឈាម ។ មូលហេតុនៃអាការនេះមានច្រើនកម្រិត ចាប់ពីបញ្ហាស្រាលៗ រហូតដល់ជំងឺដែលត្រូវការការព្យាបាលជាបន្ទាន់។
ខាងក្រោមនេះ គឺជាមូលហេតុចម្បងៗដែលបណ្តាលឱ្យស្ពឹកដៃជើង៖
១. បញ្ហាសរសៃប្រសាទ និងឆ្អឹងខ្នង
–ការសង្កត់សរសៃប្រសាទ៖ ការអង្គុយ ឬគេងសង្កត់លើដៃជើងយូរពេក បណ្តាលឱ្យឈាមរត់មិនស្រួល (អាការ “ស្រមោចវារ”)។
–លៀនថាសឆ្អឹងខ្នង (Herniated Disc): បញ្ហាឆ្អឹងខ្នងសង្កត់លើសរសៃប្រសាទ ដែលរត់ទៅកាន់ដៃ ឬជើង។
–រោគសញ្ញាការ៉ុត (Carpal Tunnel Syndrome): កើតឡើងដោយសារការប្រើប្រាស់ដៃខ្លាំងពេក ឬធ្វើចលនាដដែលៗ បណ្តាលឱ្យសង្កត់សរសៃប្រសាទនៅកដៃ (ឧទាហរណ៍៖ អ្នកប្រើកុំព្យូទ័រច្រើន)។
២. បញ្ហាផ្នែកអាហារូបត្ថម្ភ និងអរម៉ូន
–កង្វះវីតាមីន ៖ ជាពិសេសកង្វះវីតាមីន B1, B6, និង B12 ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពសរសៃប្រសាទ។
–ជំងឺទឹកនោមផ្អែម (Diabetes): នេះជាមូលហេតុទូទៅបំផុតមួយ។ ជាតិស្ករក្នុងឈាមខ្ពស់យូរអង្វែង បំផ្លាញសរសៃប្រសាទតូចៗនៅចុងដៃចុងជើង (Diabetic Neuropathy)។
–កង្វះជាតិរ៉ែ៖ ដូចជា កាល់ស្យូម ប៉ូតាស្យូម ឬម៉ាញេស្យូម។
៣. បញ្ហាលំហូរឈាម និងទម្លាប់រស់នៅ
–ជំងឺសរសៃឈាម៖ ការស្ទះ ឬរួមតូចនៃសរសៃឈាម ធ្វើឱ្យឈាមរត់ទៅចិញ្ចឹមដៃជើងមិនបានគ្រប់គ្រាន់។
–ការសេពគ្រឿងស្រវឹង៖ ការផឹកស្រាច្រើនពេកអាចបំផ្លាញកោសិកាសរសៃប្រសាទដោយផ្ទាល់។
–ការជក់បារី៖ ធ្វើឱ្យសរសៃឈាមរួមតូច និងរឹង ដែលប៉ះពាល់ដល់ការរត់នៃឈាម។